2025-11-22 13:40
41

បាងកក៖ ក្រុមជ្រុលនិយមថៃ លោក Pichit Chaimongkol និងលោក Jatuporn Prompan បានដឹកនាំក្រុមបាតុករពីចលនា “រួបរួមទឹកដី ដើម្បីការពារអធិបតេយ្យភាព - Unite the Land to Protect Sovereignty” មកប្រមូលផ្តុំនៅមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងបាងកក នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកានេះ។ នោះបើយោងតាមចេញផ្សាយដោយកាសែតថៃ Khaosod។ 

ក្រុមបាតុករ បានលើកប្រសាសន៍ថា “ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក មិនគួរជ្រៀតជ្រែកក្នុងករណីជម្លោះ និងកិច្ចការឯកសិទ្ធិរបស់ថៃ ទាក់ទងនឹងបញ្ហាព្រំដែនជាមួយកម្ពុជា”។ 
បន្ទាប់ពីបញ្ចប់សកម្មភាពនៅមុខស្ថានទូតម៉ាឡេស៊ី ក្រុមបាតុករបានធ្វើដំណើរបន្តទៅស្ថានទូតសហរដ្ឋអាមេរិក ដើម្បីបន្តដាក់សារទាមទារឱ្យប្រទេសទាំងពីរ បញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការអធិបតេយ្យភាពរបស់ប្រទេសថៃ។

ក្រុមបាតុករថៃ ពួកគេបានថ្លែងថា “ថៃគួរតែមានសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាជាតិ ដោយគ្មានការចូលមកពាក់ព័ន្ធពីបរទេស”។
សកម្មភាពបាតុកម្មនេះកើតឡើងនៅក្នុងបរិបទតានតឹងព្រំដែន ថៃ-កម្ពុជា កំពុងកើនឡើងដែលធ្វើឱ្យប្រទេសនៅតំបន់ និងអ្នកសង្កេតការណ៍អន្តរជាតិចាប់អារម្មណ៍ខ្លាំង៕