2025-11-22 15:18
40

ថៃ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាក្រុង Hatyai បានផ្សព្វផ្សាយរូបភាពកម្ពស់ទឹកបច្ចុប្បន្នក្នុងប្រទេសថៃ នៅផ្លូវរថភ្លើងក្រោមដី និងផ្លូវរូងក្រោមដី Kalayanamit Tunnel ទល់មុខមន្ទីរពេទ្យ Hatyai ដោយឃើញថា កម្ពស់ទឹកកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយ Khaosod។

ឃើញសភាពការណ៍ទឹកជំនន់កំពុងងើបខ្លាំងខុសពីធម្មតា បានអភិបាលក្រុង Hatyai បានចេញសេចក្ដីប្រកាសដាក់ទង់ក្រហម ដែលជាសញ្ញាប្រកាសអាសន្នដល់ ៦៥សហគមន៍ និងជំរុញឲ្យប្រជាពលរដ្ឋរុះរើរបស់របរទៅទីទួលសុវត្ថិភាពជាបន្ទាន់។

ក្នុងចំណោមលំនៅដ្ឋាន រួមទាំងកន្លែងលក់ដូរអាជីវកម្មទាំងអស់របស់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះខាងលើ សូម្បីតែហាងកាហ្វេរបស់តារាសម្ដែងថៃដ៏ល្បី លោក Ken Phu-Pang ក៏ត្រូវបានជន់លិចទាំងស្រុងដែរ។ 

តារាសម្ដែងរូបនេះបង្ហាញពីការភ្ញាក់ផ្អើលឥតឧបមា ដោយនឹកស្មានមិនដល់ថា ត្រឹមតែរយៈពេលមួយយប់សោះ កម្ពស់ទឹកហក់ឡើងលឿនដល់ថ្នាក់នេះ។

គួរបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២២ វិច្ឆិកា នេះ នៅខេត្តសុងក្លា កំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារតែគ្រោះមហន្តរាយទឹកជំនន់ងើបឡើងខ្លាំង នៅស្រុកចំនួន១៦ បណ្ដាលឲ្យពលរដ្ឋថៃ ២៩.០០០គ្រួសាររងផលប៉ះពាល់យ៉ាងខ្លាំង។ 

ក្នុងនោះ ប្រធានសមាគមសណ្ឋាគារហាតៃ បង្ហើបឲ្យដឹងថា យ៉ាងហោចមានភ្ញៀវទេសចរជាច្រើនបានជាប់គាំងក្នុងសណ្ឋាគារនេះ ដោយសារតែមិនអាចចេញទៅក្រៅរួច ព្រោះតែកម្ពស់ទឹកកើនឡើងខ្លាំងពេកយ៉ាងមិនគួរឲ្យជឿ៕