ហ្សឺណែវ៖ មន្ត្រីកំពូលសហរដ្ឋអាមេរិក អ៊ុយក្រែន និងទីប្រឹក្សាសន្តិសុខជាតិមកពីប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៣ វិច្ឆិកា។
រំឭកកាលពីថ្ងៃសុក្រកន្លងទៅ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក Volodymyr Zelenskiy មានពេលរហូតដល់ថ្ងៃព្រហស្បតិ៍ ដើម្បីអនុម័តផែនការ ២៨ចំណុច ដែលអំពាវនាវឱ្យអ៊ុយក្រែនប្រគល់ទឹកដី និងទទួលយកដែនកំណត់លើយោធារបស់ខ្លួន រួមទាំងបោះបង់មហិច្ឆតាចូលរួមជាមួយអង្គការណាតូ។
មេដឹកនាំអឺរ៉ុប និងលោកខាងលិចផ្សេងទៀតបាននិយាយកាលពីថ្ងៃសៅរ៍ថា ផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលគាំទ្រការទាមទារសំខាន់ៗរបស់រុស្ស៊ី គឺជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែត្រូវការ ការងារបន្ថែមទៀត ខណៈដែលពួកគេស្វែងរកកិច្ចព្រមព្រៀងប្រសើរជាងមុនសម្រាប់ទីក្រុង Kyiv មុនពេលកំណត់នៅថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ឲ្យដឹងថា មុនពេលកិច្ចចរចា លោក Zelenskiy បានព្រមានថា អ៊ុយក្រែនប្រថុយនឹងការបាត់បង់សេចក្តីថ្លៃថ្នូរ និងសេរីភាព ឬការគាំទ្ររបស់វ៉ាស៊ីនតោន ជុំវិញផែនការនេះ។
រីឯ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បែរជាបានពណ៌នាផែនការនេះថា ជាមូលដ្ឋាននៃដំណោះស្រាយចំពោះជម្លោះ ប៉ុន្តែទីក្រុងមូស្គូអាចនឹងជំទាស់នឹងសំណើមួយចំនួននៅក្នុងគម្រោងនេះ ដែលតម្រូវឱ្យកងកម្លាំងរបស់ខ្លួនដកថយពីតំបន់មួយចំនួនដែលពួកគេបានកាន់កាប់៕




