2025-11-24 09:17
15

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា “ក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំង និងបណ្តាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មាន បំភ្លៃ បំផ្លើស ទាក់ទងនឹងបញ្ហាព្រំដែន ជាពិសេស នៅភូមិព្រៃចាន់ និងភូមិជោគជ័យ”។ 

មន្ត្រីដដែលបានកាសែតទៀតថា ក្រុមការងារបច្ចេកទេសភាគីកម្ពុជា និងថៃ បាននឹងកំពុងចុះវាស់វែង និងបង្កើតផែនទីរូបភាព ព្រមទាំងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ 

មន្ត្រីដដែលបានថ្លែងទៀតថា ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុង នោះរួមទាំងបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាន នៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ  (Procès Verbaux)  បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ដូច្នេះក្រុមប្រឆាំងនៅក្រៅស្រុកដែលបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ គឺដើម្បីរុញឱ្យខ្លោចរោយឱ្យឆៅលើបញ្ហាព្រំដែនតែប៉ុណ្ណោះ។ 

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់សាធារណជនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ  ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន- សៀម និងកុំជឿលើការញុះញង់ និងការផ្សាយព័ត៌មានមិនពិតរបស់ក្រុមប្រឆាំង៕