ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា កីឡាផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍គឺកើតចេញពីកត្តាសុខសន្តិភាព នៅក្នុងសម័យតេជោ-ធិបតី ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព (Sport lives in peace)» និង «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព (Tourism grows in peace)»។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីជជែកលើវិថីទេសចរណ៍ វគ្គ២ ក្រោមប្រធានបទ «ទេសចរណ៍-កីឡា និងទេសចរណ៍-ភាពយន្ត» ដែលជាកម្មវិធីមានលក្ខណៈពិសេសពីវគ្គ១ ដោយសារមានបន្ថែមកម្មវិធី (the Tonle Sap Golf Challenge) ផ្តួចផ្តើមដោយ ក្រុមហ៊ុនវឌ្ឍនៈ និងមានវត្តមានកីឡាករវាយកូនហ្គោលលំដាប់អន្តរជាតិផងដែរ។
ក្នុងពិធីដ៏សែនសប្បាយរីករាយនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិកាព្រឹទ្ធសភាកម្ពុជា, អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុនវឌ្ឍនៈ គ្រុប, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អភិបាលរង រាជធានីភ្នំពេញ, ឧកញ៉ា លោក លោកស្រី តំណាងក្រុមហ៊ុន R.V Clip Media, ដៃគូសហការឧបត្ថម្ភ, វាគ្មិនកិត្តិយស, កីឡាករអន្តរជាតិ, សិល្បៈករ សិល្បៈការិនី, អ្នកផលិតមាតិកាព័ត៌មាន, ព្រមទាំងបងប្អូន អ៊ំ ពូ មីង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនថា “កម្មវិធីជជែកលើវិថីទេសចរណ៍ វគ្គ២ មានលក្ខណៈពិសេសពីវគ្គ១ ដោយសារមានបន្ថែមកម្មវិធី (the Tonle Sap Golf Challenge) ជាកម្មវិធីវាយកូនហ្គោលចេញពីឆាក ទៅកាន់សាឡង់នៅក្នុងទន្លេ ដែលជានេះកម្មវិធីថ្មី មានភាពច្នៃប្រឌិត ប្រកបដោយភាពទាក់ទាញ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាវាយកូនហ្គោលកម្ពុជាផង និងជំរុញការផ្សព្វផ្សាយទេសចរណ៍កីឡាផងដែរ”។
លោករដ្ឋមន្រ្តី ក៏ជម្រាបបន្ថែមថា វឌ្ឍនៈ គ្រុប ក៏បានរៀបចំការបើកព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់(Vattanac Legends Championship) ដែលព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិដ៏អស្ចារ្យនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់កីឡាអន្តរជាតិលំដាប់ពិភពលោក និងបង្ហាញអំពីសមត្ថភាពគ្រប់គ្រាន់របស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិបានដោយជោគជ័យ និងរលូន។
ថ្លែងមុននឹងបញ្ចប់ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការគាំទ្រឧបត្ថម្ភ សព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយនៅរាល់ព្រឹត្តិការណ៍ និងកម្មវិធីនានារបស់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្នកឧកញ៉ា នឹងនាំយកនូវព្រឹត្តិការណ៍អន្តរជាតិ និងលំដាប់ពិភពលោកផ្សេងៗទៀតមករៀបចំនៅកម្ពុជា ដោយក្រសួងទេសចរណ៍នឹងរីករាយស្វាគមន៍គាំទ្រ និងសហការយ៉ាងពេញទំហឹង៕




