2025-11-26 09:45
2

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបបានករណី “ការប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរសព្ទចល័ត” ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ នាំមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

តាមប្រភពបានឱ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរសព្ទចល័ត ហើយផ្ញើសារ SMS។

ជនសង្ស័យទាំង៣នាក់ រូមមាន ទី១៖ ឈ្មោះ ឡុ.រ, ២៖ ឈ្មោះ ខ.ប.ប និងទី៣៖ ឈ្មោះ ក.ច.រ ដែលកំពុងធ្វើសកម្មភាពបើកបររថយន្ត ដែលបំពាក់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរសព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ដែលផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមអនឡាញ និងក្លែងគេហទំព័របន្លំជាក្រុមហ៊ុនបណ្តាញសង្គមតេឡេក្រាម ដែលមានខ្លឹមសារបំភិតបំភ័យពាក់ព័ន្ធនឹងសុវត្ថិភាពគណនីតេឡេក្រាមដើម្បីបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់គណនី ក្នុងគោលបំណងចូលគ្រប់គ្រងគណនី ឈានយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមការសាកសួរ ជនសង្ស័យទាំង០៣នាក់ បានចូលធ្វើការជាអ្នកបើករថយន្តបំពាក់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរសព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ក្នុងអំឡុងខែមីនា ឆ្នាំ២០២៥។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមកុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ជៀសវាងជនអានាមិកអាចគ្រប់គ្រងទិន្នន័យ ឬ គណនីផ្សេងៗរបស់យើងបាន ឈានដល់ការប្រឈមហានិភ័យនានាដោយប្រការណាមួយ៕