2025-11-25 13:44
5

ភ្នំពេញ៖ រថយន្ដដឹកស្រូវ១គ្រឿងបានបើកលឿន ដល់ត្រង់ចំណុចរង្វង់មូលផ្លូវកោងស្រាប់រម៉កខាងក្រោយកាច់ទ្រុងក្រឡាប់ចាក់ស្រូវចោលពេញផ្លូវ ប៉ុន្តែសំណាងល្អពុំមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវនោះឡើយ ។ 

  ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតាមមហាវិថីឈ្នះឈ្នះ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសផ្លូវល្បឿនលឿន(រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ) ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ 

   រថយន្តដែលក្រឡាប់នោះម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខបាត់ដំបង3A-3949 ជារថយន្ត កងដឹកជញ្ជូនH.C បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ។
   តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកស្រូវខាងលើធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជើងទៅត្បូង។នៅពេលធ្វើដំណើរមកដល់ក្រោមស្ពានអាកាសផ្លូវល្បឿន លឿនបានក្រឡឹងរង្វង់មូលជាហេតុធ្វើឱ្យ កាច់ទ្រុងរថយន្តក្រឡាប់ចាក់ស្រូវ ចោលពេញផ្លូវតែម្ដង។ទោះបីជាយ៉ាងណានេះចាត់ទុកជាសំណាងពុំបណ្ដាឲ្យមនុស្សរងរបួស។ 

  តាមព័ត៌មានឲ្យដឹងថា រថយន្តខាងលើ ដឹកស្រូវ មកពីខេត្តសៀមរាបដើម្បីយកទៅលក់នៅប្រទេសវៀតណាម។
នៅពេលធ្វើដំណើរមិនទាន់ដល់គោលដៅផងក៏បានជួបគ្រោះថ្នាក់ក្រឡាប់តែម្ដង។ 
   ក្រោយកើតហេតុនគរបាលមូលដ្ឋានក៏បានប្រគល់អោយនគរបាលចរាចរណ៍ផ្លូវល្បឿនលឿនធ្វើការដោយស្រាយជាមួយម្ចាស់រថយន្ត ព្រោះកន្លែងកើតហេតុស្ថិតក្នុងការគ្រប់គ្រងរបស់ផ្លូវល្បឿនលឿន៕