2025-11-27 08:00
11

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ បានច្រានចោលរបាយការណ៍របស់អង្គការ Human Rights Watch - HRW ដែលសម្ភាសមនុស្ស ៥៦នាក់ មកតំណាងមនុស្ស ៩០ ម៉ឺននាក់ គ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន និងស្នើសុំឱ្យអង្គការនេះ ជួយផ្តល់ទំនាក់ទំនងរបស់អតីតពលករ ៥៦ នាក់ មកក្រសួង ដើម្បីស្វែងរកការងារធ្វើជូន”។

ប្រតិកម្មរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍ Human Rights Watch ដោយបានចោទជាសំណួរទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានចេញរបាយការណ៍ ដែលគ្មានលក្ខណៈវិទ្យាសាស្រ្ត គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន។ 

អ្នកនាំពាក្យក្រសួងការងារ បានអះអាងថារបាយការណ៍នេះ គ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ក្នុងខណៈដែលជារបាយការណ៍ដែលសម្ភាសមនុស្សត្រឹមតែមនុស្ស ៥៦ នាក់ ហើយតំណាងឱ្យបងប្អូនពលករប្រមាណជាង ៩០ ម៉ឺននាក់។ សម្រាប់អ្នកនាំពាក្យរូបនេះ ចាត់ទុកថា របាយការណ៍របស់ HRW គឺជារបាយការណ៍នយោបាយតែប៉ុណ្ណោះ។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអំពាវនាវ HRW ផ្ដល់ទំនាក់ទំនងរបស់អតីតពលករទាំង ៥៦ នាក់ ដើម្បីឲ្យក្រសួងស្វែងរកការងារធ្វើជូន។

សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រផ្សេងៗជាច្រើនមិនតិចជាង ១២ ចំណុច នោះទេ ដើម្បីធានាឱ្យបងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានការងារធ្វើ។ 

ជាក់ស្ដែង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនតិចជាង ៥៥៨ លើកនោះទេនៅទូទាំងប្រទេស ដើម្បីឱ្យបងប្អូនអតីតពលករទទួលបានការងារធ្វើ។ 

ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវឲ្យបងប្អូនដែលជាអតីតពលករទាក់ទងមកកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារផងដែរ៕