2025-11-27 10:22
6

កំពង់ចាម៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានគូសរំលេចពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការកើនឡើងជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដោយបានផ្គត់ផ្គង់ឱសថ និងសម្ភារតេស្តរកជំងឺទឹកនោមផ្អែម នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ ដើម្បីធ្វើយ៉ាងណាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង។

នេះជាការថ្លែងរបស់ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ក្នុងឱកាសប្រារព្វទិវាទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ជំងឺទឹកនោមផ្អែម អាចកើតលើមនុស្សគ្រប់វ័យ»។

ការរៀបចំទិវាទឹកនោមផ្អែម ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង ការអប់រំ ការពារព្យាបាល និងការថែទាំជំងឺទឹកនោមផ្អែម ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទ១ យ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ, លើកកម្ពស់ការយល់ដឹង ពីផលប៉ះពាល់ផ្សេងៗ ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម និងបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមគ្នាប្រយុទ្ធប្រឆាំងការកើនឡើងនៃជំងឺទឹកនោមផ្អែម។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានផ្ដល់ជាការណែនាំមួយចំនួនក្នុងទប់ស្កាត់នៃការកើនឡើងជំងឺមិនឆ្លងពិសេសជំងឺទឹកនោមផ្អែម ក្នុងនោះរួមមាន៖ ការផ្លាស់ប្ដូរឥរិយាបថ របៀបរបប នៃការរស់នៅ ដោយបង្កើនសកម្មភាពរាងកាយដូចជាការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការបរិភោគចំណីអាហារប្រកបដោយសុខភាព ដោយកាត់បន្ថយអាហារដែលមានជាតិ ប្រៃ ផ្អែម និងជាតិខ្លាញ់ ចៀសវាងការពិសាគ្រឿងស្រវឹង និងបារី។

លោកក៏បានលើកទឹកចិត្ត និងណែនាំទៅដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៤០ឆ្នាំឡើង ឱ្យទៅពិនិត្យស្រាវជ្រាវរកជំងឺទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ដើម្បីបានដឹងទាន់ពេលវេលា ប្រសិនបើមានជំងឺទឹកនោមផ្អែម និងឆាប់បានទទួលការព្យាបាលទាន់ពេលវេលា ចៀសវាងការយឺតយ៉ាវស្វែងរកជំងឺនេះដោយទុករហូតដល់លេចឡើងនូវផលវិបាក មួយចំនួនហើយនោះ អ្នកជំងឺអាចនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់អាយុជីវិត។

កម្មវិធីនេះ រៀបចំនៅក្នុងបរិវេណការិយាល័យស្រុកប្រតិបត្តិព្រៃឈរ ដោយមានអញ្ជើញចូលរួមពី មន្រ្តីមកពីនាយកដ្ឋានការពារសុខភាព មន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម អង្គការ ភី អេស អាយ មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ រដ្ឋបាលស្រុកព្រៃឈរ មណ្ឌលសុខភាព សិស្សានុសិស្ស និងប្រជាពលរដ្ឋ និងក្រុមទ្រទ្រង់សុខភាពភូមិ សរុបចំនួន ១៥០រូប៕