2025-11-27 11:11
9

ហុងកុង៖ អគ្គិភ័យដ៏ធំសម្បើមមួយ កំពុងបញ្ចេញអណ្ដាតភ្លើងដ៏ក្រហមឆ្អៅលេបត្របាក់អគារលំនៅដ្ឋាន នៅភាគខាងជើងទីក្រុងហុងកុងយ៉ាងសន្ធោរសន្ធៅ។ មនុស្ស  ៤៤នាក់បានស្លាប់ និង ២៧៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២៥។

ប៉ូលិសហុងកុងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លើងដ៏ធំមួយនៅតែកំពុងឆាបឆេះក្នុងអគារ Wang Fuk ដែលមានផ្ទះល្វែងចំនួន ២,០០០ និងមនុស្សរស់នៅជាង ៤,៦០០នាក់ ក្នុងទីក្រុងហុងកុង។ យ៉ាងណាវិញ ក្នុងហេតុការណ៍អគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៤នាក់ស្លាប់ និងបាត់ខ្លួនជិត ៣០០នាក់។

ដោយខណៈនេះក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងព្យាយាមទៅជួយសង្គ្រោះដល់អ្នកស្រុកដែលអាចជាប់គាំងនៅជាន់ខាងលើនៃអគារដែលរងគ្រោះនេះ ដោយសារតែកំដៅខ្លាំង និងផ្សែងក្រាស់ពីភ្លើងដែលបានឆាបឆេះកាលពីរសៀលថ្ងៃពុធមកម្ល៉េះ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងហេតុការណ៍អគ្គិភ័យខាងលើ ប៉ូលិសបានចាប់ខ្លួនបុរសបីនាក់មកពីក្រុមហ៊ុនសំណង់ ដែលគេសង្ស័យថា ជាអ្នកបង្ករឲ្យមានអគ្គិភ័យដែលកំពុងបន្តគ្របដណ្ដប់លើអគាររងគ្រោះខាងលើនេះ៕