2025-11-28 10:14
9

ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ករណីចោទប្រកាន់ មន្ត្រីប៉េអឹមស្រុកពារាំងចំនួន ០២ រូប ទាលុយ ៨០ ម៉ឺនរៀល ពីអ្នកឆក់ត្រី ជាថ្នូរប្រគល់ម៉ូតូឱ្យវិញ “មន្ត្រីមិនបានប្រព្រឹត្តបទល្មើលទេ”។ រីឯករណីក្រុមគ្រួសារសពស្នើឱ្យមន្ត្រីទាំង២រូប ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពគ្រួសារ គឺក្រុមគ្រួសារសពមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ “ប្តឹងតវ៉ាទៅតុលាការ”។ 

អេង ហ៊ី លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ករណីខេត្តព្រៃវែង ទី១៖ “ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន ៨០ ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!” និងទី២៖ “ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ!” គឺលោកបានឆ្លើយតបកាលពីថ្ងៃទី២១ និងថ្ងៃទី២៦ ខែវិច្ឆិកា រួចហើយ ដោយបានបញ្ជាក់ថា «នាយទាហាន នៃកងរាជអាវុធហត្ថទាំង២រូប មិនបានប្រព្រឹត្តបទល្មើសនោះទេ គឺកងរាជអាវុធហត្ថ បានប្រតិបត្តិតួនាទី ភារកិច្ច តាមការអនុញ្ញាតដោយច្បាប់ និងគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ»។ 

ជាមួយគ្នានោះដែរ ជំនាញមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានអនុវត្តតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរួចហើយ។ ចំពោះការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គមថា “ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ” គឺក្រុមគ្រួសារមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ប្តឹងតវ៉ាទៅតុលាការ ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ។ 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា «ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ និងជាអ្នកបម្រើ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានចូលរួមក្នុងពិធីបុណ្យដោយយកថវិកាចំនួន ២ លានរៀល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលទទួលមរណភាពដោយសារលង់ទឹកផងដែរ»៕