2025-11-28 14:55
11

ប្រទេសប៉េរូ៖ ប្រព័ន្ធតុលាការរបស់ប្រទេសប៉េរូ បានកាត់ទោសអតីតប្រធានាធិបតីឆ្វេងនិយម លោក Pedro Castillo ឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ៥ខែ និង១៥ថ្ងៃ ពីបទប៉ះបោរ និងឃុបឃិតប្រឆាំងរដ្ឋ។ ការកាត់ទោសនេះធ្វើឡើងនៅថ្ងៃទីព្រហស្បតិ៍ បន្ទាប់ពីការចាប់ឃាត់ខ្លួនលោកនៅចុងឆ្នាំ ២០២២ ពេលដែលលោក Castillo បានព្យាយាមរំលាយសភា និងព្យាយាមកាន់កាប់អំណាចយ៉ាងទូលំទូលាយ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ  នេះបើតាមរ៉យទ័រ។ 

ការកាត់ទោសអតីតប្រធានាធិបតី លោក Castillo បានកើតឡើងមួយថ្ងៃបន្ទាប់ពីអតីតប្រធានាធិបតីម្នាក់ទៀត គឺលោក Martin Vizcarra ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៤ឆ្នាំ ក្នុងសំណុំរឿងថ្មីមួយ បន្ទាប់ពីតុលាការបានរកឃើញថា លោកមានទោសចំពោះការទទួលសំណូកជាច្រើន ឆ្នាំមុនពេលលោកចូលកាន់តំណែង។

លោក Castillo ដែលត្រូវបានឃុំខ្លួននៅពេលកើតមានសំណុំរឿង បានត្រូវដកចេញពីតំណែងនៅខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីព្យាយាមរំលាយសភា បង្កឱ្យមានការតវ៉ាដ៏ហិង្សាប្រឆាំងនឹងរដ្ឋាភិបាលថ្មី ធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់។ អ្នកជនរងគ្រោះភាគច្រើនស្ថិតនៅតំបន់ក្រីក្រ ជាពិសេសទីតាំងដែលលោក Castillo ទទួលបានការគាំទ្រខ្លាំងផងដែរ ។

ក្នុងអំឡុងពេលនៃសេចក្តីថ្លែងការណ៍ ការពារចុងក្រោយរបស់លោកនៅក្នុងសវនាការកាលពីសប្តាហ៍មុន អតីតប្រធានាធិបតីបានបដិសេធការចោទប្រកាន់ពីបទបះបោរប្រឆាំងនឹងរដ្ឋ ក្នុងការព្យាយាមរំលាយសភា ។  ព្រះរាជអាជ្ញាបានស្នើសុំឱ្យមានការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 34 ឆ្នាំចំពោះលោក Castillo។

លោក Castillo និងលោក Vizcarra ត្រូវបានបញ្ចូលក្នុងបញ្ជីអតីតមេដឹកនាំនៅតំបន់អាមេរិកខាងត្បូង ដែលជាប់ពន្ធនាគារ ដូច្នេះបានធ្វើឱ្យចំនួនអតីតប្រធានាធិបតីត្រូវបំពានច្បាប់កើនដល់ប្រាំនាក់។ ចាប់តាំងពីឆ្នាំ២០១៨មក ប្រទេសប៉េរូ មានប្រធានាធិបតីចំនួន៦នាក់ ដែលរងការចោទប្រកាន់ និងបានលាលែងពីតំណែងជាបន្តបន្ទាប់ ភាគច្រើនពាក់ព័ន្ធរឿងអាស្រូវពុករលួយ។

បន្ទាប់ពីការដកតំណែងលោក Castillo អនុប្រធានាធិបតីរបស់លោក គឺលោកស្រី ឌីណា បូលូអាតេ ( Dina Boluarte ) បានឡើងកាន់អំណាចបន្តពីលោក បន្ទាប់មកលោកស្រីក៏ត្រូវបានបណ្តេញចេញពីតំណែងវិញកាលដើមខែតុលា ដោយសភាបានប្រកាសថាលោកស្រី “មិនសមស្របផ្នែកសីលធម៌” សម្រាប់ការគ្រប់គ្រងនោះឡើយ ។ ដោយតែងតាំងលោក Jose Jeri ជាប្រធានាធិបតីបន្តអាណត្តិរហូតដល់ខែកក្កដា ឆ្នាំ 2026 ជំនួសលោកស្រី Boluarte បនុ្ទប់ពីត្រូវបានដកដំណែងនោះ ហើយការបោះឆ្នោតជ្រើរើសប្រធានាធិបតីរបស់ប្រទេសប៉េរូត្រូវបានគ្រោងធ្វើនៅខែមេសា ឆ្នាំក្រោយនេះ ៕