2025-12-01 10:41
36

ចំនួនអ្នកស្លាប់បានកើនឡើងលើសពី 600 នាក់ បន្ទាប់ពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅទូទាំងប្រទេសចំនួនបីនៅអាស៊ីអាគ្នេយ៍។

ការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំបានវាយប្រហារប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បន្ទាប់ពីព្យុះត្រូពិចដ៏កម្រមួយបានបង្កើតឡើងនៅច្រកសមុទ្រម៉ាឡាកា ដោយបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងរយៈពេលមួយសប្តាហ៍ និងខ្យល់បក់ខ្លាំង នេះបើយោងតាម Reuters ។

តាមការចុះផ្សាយពីកាសែតថៃ The Nation ក្រុមមន្ត្រីបានបញ្ជាក់ពីចំនួនដ៏អាក្រក់កាលពីថ្ងៃអាទិត្យ ខណៈដែលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះដ៏ធំកំពុងបន្តសម្រាប់មនុស្សជាង 4 លាននាក់ដែលរងផលប៉ះពាល់ និងរាប់ម៉ឺននាក់ទៀតបានផ្លាស់ទីលំនៅកាលពីចុងសប្តាហ៍កន្លងទៅ។

ក្នុងចំណោមប្រទេសទាំងបីដែលកំពុងរងគ្រោះខ្លាំង ឥណ្ឌូណេស៊ីបានរាយការណ៍ពីតួលេខដែលមានចំនួនអ្នកស្លាប់ច្រើនបំផុត ៤៣៥នាក់ បន្ទាប់មកប្រទេសថៃ អ្នកស្លាប់សរុបចំនួន ១៧០នាក់ និងអ្នកស្លាប់ ៣ នាក់នៅម៉ាឡេស៊ី។ 

គួរបញ្ជាក់ឲ្យដឹងថា មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញទូទាំងប្រទេសទាំងបី ដោយមានជិត 3 លាននាក់រងផលប៉ះពាល់នៅភាគខាងត្បូងប្រទេសថៃ និង 1.1 លាននាក់នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។

ជុំវិញវិបត្តិដែលកើតមានក្នុងតំបន់ទាំងនេះ ត្រូវបានផ្សំឡើងដោយព្យុះស៊ីក្លូនដាច់ដោយឡែកមួយនៅទូទាំងឈូងសមុទ្រ Bengal ដោយក្នុងនោះសូម្បីតែអាជ្ញាធរស្រីលង្កាក៏បានរាយការណ៍ពីចំនួនអ្នកស្លាប់ 153 នាក់ មនុស្ស 191 នាក់កំពុងបាត់ខ្លួន និងជាងកន្លះលាននាក់ទៀតបានរងផលប៉ះពាល់ទូទាំងស្រីលង្កាផងដែរ៕