2025-12-01 14:42
28

ព្រំដែនមីយ៉ាន់ម៉ា-ថៃ បានរង្គើពេញមួយយប់ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយថៃបានឮស្នូរបាញ់កាំភ្លើងយ៉ាងច្បាស់ ចេញពីការប៉ះទង្គិចគ្នារវាងកងពលតូចទី៦ នៃសម្ព័ន្ធជាតិការ៉ែន (KNU) និងកងពលតូចទី២២ យោធាមីយ៉ាន់ម៉ា នៅទីប្រជុំជន Myawaddy រដ្ឋ Karen-ទល់មុខស្រុក Mae Sot ក្នុងខេត្ត Tak ប្រទេសថៃ។

កម្ដៅសង្គ្រាមបន្តឆេះឡើង ដោយការប្រយុទ្ធគ្នារវាងក្រុមសម្ព័ន្ធជាតិការ៉ែន និងកងពលតូចយោធាមីយ៉ាន់ម៉ា បន្តផ្លាស់ប្តូរការបាញ់កាំភ្លើងត្បាល់ ៦០ មីល្លីម៉ែត្រ និង ១២០ មីល្លីម៉ែត្រលើគ្នាទៅវិញទៅមក រួមជាមួយនឹងការវាយប្រហារម្តងហើយម្តងទៀតដោយប្រើយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីទម្លាក់គ្រឿងផ្ទុះនៅលើទីតាំងយុទ្ធសាស្ត្ររៀងៗខ្លួន។

តាមការចុះផ្សាយពី The Nation នៅថ្ងៃទី១ ធ្នូ នេះ ដើម្បីឆ្លើយតបទៅនឹងអរិភាពដែលកើនឡើងពីភាគីមីយ៉ាន់ម៉ា ដែលឆ្លងមកដល់ថៃនោះ ក្រុមការងារ Naresuan ថៃបានបញ្ជាឱ្យចំណុចឆ្លងកាត់តាមព្រំដែនមីយ៉ាន់ម៉ា-ថៃ ត្រូវបិទរយៈពេលប្រាំពីរថ្ងៃ ដើម្បីទប់ស្កាត់ចលនារបស់ជនស៊ីវិល ឬក្រុមប្រដាប់អាវុធ។ ហើយមានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ ក្នុងក្រុងម៉ែសុត ប៉ុណ្ណោះដែលនៅបើកឱ្យឆ្លងកាត់ធម្មតា។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញ គ្រាប់កាំភ្លើងធំចំនួន ០៥ គ្រាប់ បានផ្លោងចេញពីក្នុងប្រទេសមីយ៉ាន់ម៉ា ធ្លាក់លើទឹកដីថៃ ក្នុងខេត្តតាក បណ្តាលឱ្យពលករចំណាកស្រុកមីយ៉ាន់ម៉ា ០៤ នាក់រងរបួស នេះបើតាម Khaosod ចេញផ្សាយ៕