ចិន៖ ក្រុមអ្នកវិភាគជម្លោះឈានមុខគេបានរាយការណ៍ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតអាវុធធំៗរបស់ចិនបានថយចុះក្នុងឆ្នាំមុន បន្ទាប់ពីមានយុទ្ធនាការប្រឆាំងអំពើពុករលួយកិច្ចសន្យា និងការផ្គត់ផ្គង់អាវុធស្រាប់តែមានការកាត់បន្ថយ។ នេះជាតាមការចេញផ្សាយរបស់ Reuters ថ្ងៃទី ១ ខែធ្នូនេះ។
ការធ្លាក់ចុះប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតអាវុធចិន ខុសប្លែកពីការកើនឡើងនៃប្រាក់ចំណូលរបស់ក្រុមហ៊ុនអាវុធ និងសេវាកម្មយោធារបស់ពិភពលោក ដែលកំពុងត្រូវបានជំរុញដោយសង្គ្រាមនៅអ៊ុយក្រែន និងហ្គាហ្សា ព្រមទាំងភាពតានតឹងនៅលើវេទិកាអន្តរជាតិ និងក្នុងតំបន់។ នេះបើយោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានសន្តិភាពអន្តរជាតិស្តុកហូម (SIPRI)។
លោក Nan Tian នាយកកម្មវិធីចំណាយយោធា និងផលិតអាវុធរបស់ SIPRI បានឱ្យដឹងថា ការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយក្នុងការផ្គត់ផ្គង់អាវុធរបស់ចិន បានបណ្ដាលឱ្យកិច្ចសន្យាលក់អាវុធសំខាន់ៗមួយចំនួនក្នុងឆ្នាំ2024 ត្រូវបានលុបចោល និងបង្កើនឲ្យមានភាពមិនប្រាកដប្រជា ចំពោះការធ្វើទំនើបកម្មយោធារបស់ចិន។ប្រាក់ចំណូលអាវុធរបស់ចិនធ្លាក់ចុះប្រហែល ១០% ខណៈដែលប្រទេសជប៉ុនវិញមានការកើនឡើងប្រហែល ៤០%ឯណ្ណោះ។
កងទ័ពប្រជាជនចិន (PLA) បានក្លាយជាគោលដៅសំខាន់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលប្រធានាធិបតី ស៊ី ជីនពីង ចាប់ផ្ដើមនៅឆ្នាំ២០១២។ ការបង្ក្រាបនេះបានឈានដល់កម្រិតខ្ពស់ជាងមុនក្នុងឆ្នាំ២០២៣ នៅពេលផ្ដោតភាពជាក់លាក់ លើកងកម្លាំងរ៉ុក្កែតរបស់កងទ័ពប្រជាជនចិន (PLA) ។
ក្នុងខែតុលា ក្រុមប្រឹក្សាខ្ពស់យោធាចិនចំនួន៥នាក់ ត្រូវបានបណ្តេញចេញពីគណបក្សកុម្មុយនិស្ត ដោយចោទពីបទពុករលួយ។ ក្នុងចំណោមពួកគេ មានឧត្តមសេនីយ៍ ហេ វៃដុង ជាអ្នកដឹកនាំយោធាដំណាក់កាលទីពីរនៃប្រទេស លោកធ្លាប់បានបម្រើការក្រោមការដឹកនាំរបស់លោកស៊ី នៅក្នុងគណៈកម្មការយោធាកណ្តាល បញ្ជាការយោធាកំពូលរបស់ចិន។ អ្នកការទូតអាស៊ី និងលោកខាងលិចនិយាយថា ពួកគេកំពុងព្យាយាមវាស់ស្ទង់ផលប៉ះពាល់នៃការបង្ក្រាប ថានិងឈានដល់កម្រិតណាតាមរយៈខ្សែសង្វាក់បញ្ជា។
ទិន្នន័យស្រាវជ្រាវពី SIPRI បង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនយោធាធំៗរបស់ចិនបានធ្លាក់ចុះ ១០% ក្នុងឆ្នាំមុន ខណៈជប៉ុនកើនឡើង ៤០% អាល្លឺម៉ង់ ៣៦% និងសហរដ្ឋអាមេរិក ៣.៨%។ របាយការណ៍ក៏បង្ហាញថា ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុនអាវុធធំៗ 100 ទូទាំងពិភពលោកបានកើនឡើង 5.9% ទៅដល់កម្រិតកំណត់ត្រា 679 ពាន់លានដុល្លារ។
ទោះបីជាមានការកើនឡើងថវិកាការពារជាតិក្នុងរយៈបីទសវត្សរ៍កន្លងមកក៏ដោយ តែប្រាក់ចំណូលអាវុធរបស់ចិនបានធ្លាក់ចុះ ដោយការប្រកួតប្រជែងយុទ្ធសាស្ត្រយ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំង ជាមួយសហរដ្ឋអាមេរិក អំណាចយោធាប្រពៃណីនៅអាស៊ី ភាពតានតឹងលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះយ៉ាងក្តៅគុក។
ការធ្លាក់ចុះប្រាក់ចំណូលនៅ AVIC ជាក្រុមហ៊ុនផលិតអាវុធធំជាងគេរបស់ចិន ផលិតប្រព័ន្ធដីគោក Norinco, ផលិតអវកាស និងមីស៊ីល CASC ទាំងនេះសុទ្ធតែជាកម្មសិទ្ធិរបស់រដ្ឋ។ Norinco បានធ្លាក់ចុះប្រាក់ចំណូលរហូត31% ស្មើ14 ពាន់លានដុល្លារ។
លោក Xiao Liang អ្នកស្រាវជ្រាវពី SIPRI បញ្ជាក់ថា កម្មវិធីទំនើបកម្មរបស់កងកម្លាំងរ៉ុក្កែតចិន គ្រប់គ្រងមីស៊ីលផ្លោង មីស៊ីលលឿនជាងសំឡេង និងមីស៊ីលបើកបរ ត្រូវបានលាតត្រដាង អាចប៉ះពាល់ដល់កម្មវិធីអវកាស និងបណ្តាញអ៊ីនធឺណិតរបស់ចិនផងដែរ។ ភាពមិនប្រាកដប្រជា កំពុងកើតមានឡើងលើកងទ័ពប្រជាជនចិន (PLA) ក្នុងការបង្កើនសមត្ថភាពសំខាន់ៗ ដើម្បីរៀបចំកម្លាំងសម្រាប់ខួប 100 ឆ្នាំនៃការបង្កើតកងទ័ពក្នុងឆ្នាំ1927។ ទោះបីកម្មវិធីខ្លះត្រូវបានពន្យារពេល តែការចំណាយខ្ពស់ ហើយការគ្រប់គ្រងផ្គត់ផ្គង់តឹងរឹងក៏ដោយ តែក្នុងរយៈពេលមធ្យម និងវែង ការវិនិយោគលើថវិកាការពារជាតិ និងការគាំទ្រនយោបាយចំពោះការធ្វើទំនើបកម្ម នូវតែបន្តយ៉ាងរឹងមាំ៕ 






