ព្រៃវែង៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីឃេត្តព្រៃវែង អនុប្រធានក្រុមវាលទី៥ និងបក្ខពួក រឿងយកលុយពីប្រជាពលរដ្ឋជាថ្នូរចែកប្លង់កម្មសិទ្ធិដីធ្លីលើសរដ្ឋកំណត់ និងមិនចេញវិក័្កយបត្រនោះ ស្រាប់តែមេឃុំថ្មពូន លោក ភួង ភា បានចេញមុខដើរតួរកំសត់លួងលោមបងប្អូនប្រជាពលរដ្ឋ ឲ្យទទួលយកសំណងជាលុយត្រឡប់ទៅវិញ ដើម្បីសុំផ្តិតមេដៃ និងធ្វើរបាយការណ៍លុបលាងកំហុសអំពើពុករលួយរបស់មន្ត្រីគ្រាប់ល្ពៅ។
ពាក់ព័ន្ធសកម្មភាពរបស់ មេឃុំថ្មពូន ត្រូវបានពលរដ្ឋទាំងបីភូមិ សង្ស័យថា “មេឃុំ” មានទំនាក់ទំនង ឬទទួលបានផលលាភពីលោកលោក ស្រី វិចិត្រ អនុប្រធានក្រុមវាលទី៥ មិនខានទើបខំដើរលួងលោមប្រជាពលរដ្ឋ និងបានរៀបចំមនុស្សជំនិត ចំនួន ០២ នាក់ ឲ្យទទួលយកលុយជាថ្នូរនឹងសម្រាកកំហុសជំនួស លោក ស្រី វិចិត្រ ដើម្បីធ្វើរបាយការណ៍លុបលាងភាពមិនប្រក្រតីរបស់ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រៃវែង និងជាប្រធានក្រុមវាល។
កាលពីពេលថ្មីៗនេះ លោក ភួង ភា មេឃុំថ្មពូន បានកោះហៅពលរដ្ឋដែលបានដាក់ពាក្យប្តឹង លោក ស្រី វិចិត្រ ទៅអង្គភាពប្រឆាំងអំពើរពុករលួយ ករណី ធ្វើប្លង់កម្មសិទ្ធិដីធ្លីជាប្រព័ន្ធយកលុយលើសគោលការណ៍រដ្ឋបានកំណត់ និងគ្មានវិក្តយបត្រត្រឹមត្រូវឡើយ។ ជុំវិញរឿងពុករលួយនេះ ក៏មានកិច្ចប្រជុំដែលរៀបចំឡើង ដោយ លោកមេឃុំ ក្រោមការសម្របសម្រួលពីអភិបាលរង ស្រុកកញ្ចៀកម្នាក់ផងដែរ ដើម្បីជួយដោះបន្ទុកមន្ត្រីសុរិយោដីដែលប្រព្រឹត្តកំហុសយកលុយលើសគោលការណ៍រដ្ឋបានកំណត់។
ពលរដ្ឋអះអាងថា លោកមេឃុំថ្មពូន បានរៀបចំមនុស្សជំនិត ចំនួន ០២ នាក់ យកមកអ៊ុកឡុកក្នុងកិច្ចប្រជុំជាមួយនិងពលរដ្ឋផងដែរ។ ប៉ុន្តែ កិច្ចប្រជុំមិនមានលទ្ធផលនោះទេ ត្រង់ចំណុចនេះ ត្រូវតំណាងពលរដ្ឋ ដែលមានឈ្មោះប្តឹងពិតប្រាកដច្រានចោលទៅវិញ ដោយគំរាមប្តឹងអ្នកមកក្លែងឈ្មោះ ០២ នាក់ គេនោះទៅតុលាការថែមទៀតផង។
ទោះយ៉ាងណា មុនកិច្ចប្រជុំ ១ថ្ងៃ លោក ភួង ភា មេឃុំថ្មពូន បានអះអាងប្រាប់សារព័ត៌មានថា “កិច្ចប្រជុំនេះ គឺរូបលោក គ្រាន់សួរនាំព័ត៌មានប៉ុណ្ណោះទេ ហើយលោកកុំមិនកាន់ជើងមនុស្សខូចដែលប្រព្រឹត្តិអំពើកេងចំណេញលើពលរដ្ឋរបស់លោករឿងយកលុយនោះលើសច្បាប់កំណត់”។
ពាក់ព័ន្ធបញ្ហានេះ បណ្តាញសារព័ត៌មាន ឌីជីថល អឹម អេស ជេ មិនអាចសុំការបញ្ជាក់បន្ថែមពី លោក ស្រី វិចិត្រអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ជាអនុប្រធានក្រុមវាលទី៥ បានឡើង គិតត្រឹមរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ប៉ុន្តែ តាមរយៈលិខិតបំភ្លឺរបស់លោកចុះថ្ងៃ១៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ លោកបានបដិសេធថា “មិនបានយកលុយលើគោលការណ៍កំណត់របស់រដ្ឋឡើយ។ ដោយឡែករាល់ការចំណាយក្រៅតារាងតម្លៃសេវារដ្ឋកំណត់ ដូចជា៖ ថតចម្លងឯកសារ ប្រថាប់ត្រាពន្ធសុន្យ”។
លោក ស្រី វិចិត្រ បានបញ្ជាក់ក្នុងសេចក្តីបំភ្លឺថា “ការយកលើកសបន្តិចបន្តួច គឺជាការបង្គ្រប់ប្រាក់របស់ប្រកាសរបស់អន្តរក្រសួងស្តីពីការ “ផ្តល់សេវាសាធារណៈ”
យោងពាក្យបណ្ដឹង ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ឈ្មោះ ដែន ស៊ាប ជាតំណាងពលរដ្ឋ នៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ដែលបានប្ដឹង លោក ស្រី វិចិត្រ ចូលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា “លោក ស្រី វិចិត្រ បានប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធកំណត់យកលុយពីប្រជាពលរដ្ឋ ចាប់ពី ៥ ម៉ឺនរៀលទៅ ២៥ ម៉ឺនរៀល ក្នុង ១ ក្បាលដី ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិឱ្យទៅម្ចាស់ដី”។
ទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋ រស់នៅភូមិព្រះឥន្ធស្មត់ និងភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ច្រៀក សុំស្នើយ៉ាងទទូចដល់ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង, លោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់វិធានការផ្លូវច្បាប់លើ លោក ស្រី វិចិត្រ និងបក្ខពួក កុំឱ្យមានការលើកលែងឱ្យសោះ ដើម្បីប្រគល់លុយឱ្យពួកខ្លួនវិញ ដោយក្ដីអនុគ្រោះ៕












