នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពថៃ បានប្រកាសប្រើយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារលើកម្ពុជា នៅតំបន់តាមបណ្តោយខ្សែព្រំដែន។ យោងតាមការផ្សាយរបស់សារព័ត៌មានក្រុងបាងកក បានរាយការណ៍ថា “ប្រតិបត្តិការនេះ ត្រូវបានរៀបចំបន្ទាប់ពី មូលដ្ឋានទ័ពអានុពង្ស (Anupong) របស់ថៃ ត្រូវបានវាយប្រហារ នៅព្រឹកថ្ងៃចន្ទនេះ បណ្តាលឱ្យមានទាហានថៃ ស្លាប់់ម្នាក់ និងរបួស ០២ នាក់។
សូមបញ្ជាក់ថា បើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោងប្រមាណ ០៥និង០៤នាទី យោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។
ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ ដើម្បីនាំឲ្យមានការប៉ះទង្គិច។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា “ក្នុងឧប្បត្តិហេតុនេះ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ និងកំពុងតាមដានស្ថានយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត”។
ស្ថានភាពនេះបង្ហាញពីភាពតានតឹងឡើងវិញ នៅតាមព្រំដែន កម្ពុជា-ថៃ ហើយកងកម្លាំងទាំងពីរបានអះអាងថានឹងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ការប្រើប្រាស់កម្លាំងអន្តរាគមន៍ និងរកដំណោះស្រាយសន្តិភាពយូរអង្វែង៕




