ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ «ផ្កាយមាស៥» នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូនេះ បានប្រាប់កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិលយប់ម៉ិញ និងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាព កម្ពុជា-ថៃ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា “បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់ អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជន ដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព”។
ក្នុងស្ថានភាពព្រំដែនកម្ពុជា-ថៃ កំពុងឡើងកំដៅ និងតានតឹងបែបនេះ សម្តេចតេជោ ហ៊ុន សែន បានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សម្តេចតេជោសូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិដែលមិនអាចជួបសម្តេចបាន។
សម្តេចតេជោ ហ៊ុន សែន សូមកីឡាករ កីឡាការិនី ដែលទៅចូលការប្រកួតស៊ីហ្រេ្គមលើកទី៣៣ នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕




