2025-12-13 09:10
19

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោអាថៃ បានការវាយប្រហារមកលើកម្ពុជា ដោយប្រើប្រាស់យន្តចម្បាំងហោះ F-16 ចំនួន ០២ គ្រឿង ទម្លាក់គ្រាប់បែកកម្ទេចស្ពាន «មេទឹក» ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងស្ពានចាស់មួយកន្លែងទៀត។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅវេលាម៉ោង ០៦និង០២នាទី យោធាថៃ បាញ់កម្ទេចគោលដៅស្ពានជ័យជំនះ «ស្ពានមេទឹក» ចំនួន ០១គ្រាប់ និងម៉ោង ០៦និង០៧នាទី យោធាថៃ បាញ់កម្ទេចគោលដៅស្ពាននេះ ចំនួន ០១ គ្រាប់បន្ថែមទៀត។ ដោយឡែក នៅវេលាម៉ោង ០៦និង១២នាទី យោធាថៃ បាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ០១ គ្រាប់។ យន្តហោះយោធាថៃ នៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយនោះទេ។

សូមជម្រាបថា ស្ពានជ័យជំនះ ហៅថា «ស្ពានមេទឹក» ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។ ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនិមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហុនចិន CRBC។ 

ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥ គីឡូម៉ែត្រ គិតតាមចំងាយផ្លួវបត់បែន និងប្រហែល ០៥ គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។ នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវៀង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ៕