2025-12-14 09:28
7

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ទាហានថៃ បានទាត់ចោលបទឈប់បាញ់សារជាថ្មី ដោយនៅតែបន្តបាញ់ចូលដីកម្ពុជាយ៉ាងខ្លាំង រួមជាមួយនឹងបញ្ជូនកម្លាំងថ្មើជើងរុលចូលអធិបតេយ្យកម្ពុជាផងដែរ តែត្រូវបានកម្លាំងយើងបានទប់ទល់ និងបាញ់ទប់ស្កាត់យ៉ាងខ្លាំងក្លា។ 

តាមសេចក្ដីថ្លែងការណ៍ពីក្រសួងការពារជាតិ នាព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថា យោធាថៃកំពុងបាញ់ផ្លោងយ៉ាងខ្លាំង លើកងកម្លាំងកម្ពុជាដោយសម្រាប់សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ទាហានថៃ បានប្រើ F16 បាញ់ទម្លាក់ និងប្រឹងបញ្ជូនកម្លាំងថ្មើជើងចង់ចូលកាន់កាប់ទីតាំង។ 

សម្រាប់សមរភូមិនៅបឹងត្រកួន ទាហានថៃបានបាញ់ផ្លោងចូលនៅវេលាម៉ោង ៦៖៣០នាទី និងសមរភូមិជោគជ័យ ទាហានថៃ បានបាញ់ចូលនៅវេលាម៉ោង ៧៖៥០នាទី។ 

រីឯនៅសមរភូមិខេត្តឧត្តរមានជ័យ រួមមាន ថ្មដូន ប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទខ្នារ ទាហានថៃ ក៏កំពុងបាញ់ផ្លោងចូលផងដែរ។ 

នៅខេត្តព្រះវិហារ ទាហានថៃ មិនទាន់ឈប់ទេ នៅតែបន្តបាញ់ផ្លោងចូលភ្នំខ្មោច តាថាវ ប្រាសាទព្រះវិហារ វាយឥន្ទ្រីយ៍ តាសឹម ភ្នំទ្រព្យ ចាក់ច្រែង។ 

ហើយនៅវេលាម៉ោង៨:១៥នាទី ថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ទៀត នៅភូមិសាស្ត្រច១។

គួរបញ្ជាក់ឲ្យដឹងថា រាល់ការបាញ់ប្រហារគ្រប់អាវុធធន់ធ្ងន់ពីសំណាក់យោធាថៃ ត្រូវបានកងកម្លាំងអង់អាចក្លាហានកម្ពុជាយើងទប់ទល់ជាប់ និងបាញ់ទប់ស្កាត់បកទៅវិញយ៉ាងខ្លាំងក្លា៕