2025-12-26 09:21
10

ភ្នំពេញ៖ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជនស៊ីវិលស្លូតត្រង់ខ្មែរបានស្លាប់ ចំនួន ៣០ នាក់ និងរងរបួសកើនដល់ ៨៨ នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ 

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណ បានទៀតថា មានប្រជាពលរដ្ឋភៀសសឹកចេញពីផ្ទះសម្បែងបានកើនដល់ជាង ៦៣ ម៉ឺននាក់។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន រួមមាន ផ្ទះសម្បែង ផ្លួវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារអាជីវកម្មឯកជន រូបបដិមាព្រះវិស្ណុរ រហូតដល់ប្រាង្គប្រាសាទបុរាណដែលសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សបានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ដោយការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីសំណាក់យោធាថៃ។

លោក ប៉ែន បូណា បានបញ្ជាក់ថា «នេះគឺជាតុល្យការដ៏ធ្ងន់ធ្ងរបំផុតមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលបណ្តាលមកពីសង្គ្រាមឈ្លានពានយ៉ាងកម្រោលរយៈពេល ១៩ថ្ងៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយរាប់ចាបតាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក កងទ័ពឈ្លានពានថៃ បានទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិលដោយមិនរើសមុខ រើសទីកន្លែងធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជារងគ្រោះជាច្រើន និងកើនឡើងជាលំដាប់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរការបំផ្លិចបំផ្លាញ ជារៀងរាល់ថ្ងៃ»៕