2025-12-26 09:26
10

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើបច្ចុប្នបន្នភាពស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនលើកងទ័ព និងជនស៊ីវិលកម្ពុជា ដោយបានលើកឡើងថា “ទន្ទឹមនឹងសង្គ្រាមប្រដាប់អាវុធដ៏សាហាវព្រៃផ្សៃរបស់ថៃមកលើកម្ពុជា និងប្រជាពលរដ្ឋស្លូតត្រង់ខ្មែរ មេដឹកនាំថៃ បានប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រតាមរយៈបណ្តាញសារព័ត៌មានផ្លូវការ និងមិនផ្លូវការឱ្យផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លើ បំភ្លៃ ភូកុហក់ប្រជាពលរដ្ឋថៃ ដើម្បីទាក់ទាញប្រជាប្រិយភាពនយោបាយ និងវាយបំបាក់ទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដើម្បីបំបែកកម្លាំងសាមគ្គីភាពរវាងប្រជាជន និងថ្នាក់ដឹកនាំកម្ពុជាផងដែរ”។

ក្នុងសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យបានថ្លែងបញ្ជាក់ថា “បើទោះបីជាមេដឹកនាំថៃប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ ដើម្បីទាក់ទាញប្រជាប្រិយភាពនយោបាយផង និងវាយបំបាក់ទឹកចិត្ត និងបំបែកកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំរបស់ខ្លួនផង។ 

ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរមិនបានធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមចិត្តសាស្ត្រនេះទេ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរឹតតែកៀកស្មាគ្នាកាន់តែរឹងមាំ ដើម្បីការពារទឹកដី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។ នេះគឺជា «ខឿនការពារជាតិ» យ៉ាងរឹងមាំ”។

សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ៕