2025-12-26 13:31
19

ព្រំដែន៖ ស្ថានភាពតាមសមភូមិហាក់ឡើងកំដៅខ្លាំង តានតឹងខ្លាំង ព្រោះយោធាថៃបន្តបើការវាយប្រហាររំលោភដែនអធិបតេយ្យរបស់កម្ពុជាមិនស្រាកស្រាននោះឡើយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ និងវេលាម៉ោង ៩:៥៩នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន៦គ្រាប់បន្ថែមទៀតចូលភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបំផ្លិចបំផ្លាញកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ជាទីបំផុត។ នេះបើតាមក្រសួងការពារជាតិកម្ពុជា ។ 

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ក្រសួងការពារជាតិកម្ពុជាចាត់ទុក ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរស្ដីពីឧក្រិដ្ឋកម្មសង្រ្គាម។ 

ការបាញ់ស្រោចយ៉ាងសម្បើប និងផ្កើនលើសដើមរបស់ថៃនេះ ហាក់បីជាចង់ប្រមាទមើលស្រាលអាមេរិចសារជាថ្មីម្ដងទៀត បន្ទាប់ពីឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ជួបពិភាក្សាតាមទូរសព្ទជាមួយសម្ដេច ហ៊ុន ម៉ាណែត ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥នេះ៕