ប្រភពព័ត៌មានគួរឱ្យទុកចិត បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណប្រហែល ២០ គ្រួសារ កំពុងធ្វើសកម្មភាពរុករករ៉ែមាស នៅតំបន់ជើងភ្នំរហាវ ដោយប្រើប្រាស់វិធីសាស្ត្រជីករ៉ែ និងរុករកដោយខ្លួនឯង ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារនេះ។
សាធារណៈជនបានសម្តែងការព្រួយបារម្ភថា ការរុករករ៉ែមាសដោយគ្មានការគ្រប់គ្រង និងគ្មានច្បាប់អនុញ្ញាត អាចនាំឲ្យមានការកាប់បំផ្លាញព្រៃឈើ ការបំពុលប្រភពទឹកធម្មជាតិ និងប៉ះពាល់ដល់ជីវចម្រុះ ដែលជាគោលដៅការពារសំខាន់របស់ដែនជម្រកសត្វព្រៃភ្នំព្រិច។
មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធនៅឡើយ ទាក់ទងនឹងវិធានការចាត់ចែងលើសកម្មភាពរុករករ៉ែមាសខុសច្បាប់ទាំងនេះ។ ទោះយ៉ាងណា សាធារណជនបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងអនុវត្តច្បាប់ឲ្យបានតឹងរឹង ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ និងការពារធនធានធម្មជាតិឲ្យបានគង់វង្ស៕








