2026-01-01 15:17
53

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសម្រេចពន្យារពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនមន្ត្រីកងកម្លាំងប្រដាប់អាវុធ ដែលកំពុងជាប់បេសកកម្មនៅសមរភូមិមុខ ចាប់ពីថ្នាក់វរៈសេនីយ៍ឯកឡើងទៅ ដោយមិនកំណត់កាលបរិច្ឆេទច្បាស់លាស់។

ការសម្រេចនេះ ត្រូវបានអះអាងថា “ដើម្បីអនុគ្រោះ និងគាំទ្រដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ នៅតាមតំបន់សមរភូមិ ដែលមានស្ថានភាពតានតឹង និងមានហានិភ័យខ្ពស់”

មន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថា ការពន្យារពេលនេះ មិនមានន័យថា “លើកលែងកាតព្វកិច្ចតាមច្បាប់នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះឡើយ” ប៉ុន្តែ គ្រាន់តែជាវិធានការបណ្តោះអាសន្ន រង់ចាំឱ្យស្ថានការណ៍នៅសមរភូមិមានភាពធម្មតាវិញ ទើបអាចអនុវត្តនីតិវិធីតាមច្បាប់បានយ៉ាងពេញលេញ។

អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា “នៅពេលស្ថានការណ៍អនុញ្ញាត នឹងមានការជូនដំណឹងជាផ្លូវការ ជុំវិញកាលបរិច្ឆេទថ្មី សម្រាប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដើម្បីធានាការអនុវត្តច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដូចបានកំណត់ក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ”