ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ក្នុងកំឡុងពេលអនុវត្តបទឈប់បាញ់ ភាគីថៃបានអនុវត្តសកម្មភាពមួយចំនួន រួមមាន ការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស ការដោតទង់ជាតិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋស៊ីវិលខ្មែរ នៅតាមទីតាំងមួយចំនួន ដែលត្រូវបានចាត់ទុកថា «ជាសកម្មភាពបំពានលើបូរណភាពទឹកដីកម្ពុជា បំពានលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា និងផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ» នៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែមករានេះ លោក ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា «កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងទៅកាន់ភាគីថៃ ចំពោះសកម្មភាពទាំងនេះ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ដូច្នេះ ការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស ឬដោយទង់ជាតិរបស់ភាគីថៃ មិនមែនបញ្ជាក់ថាទីនោះជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ។
កម្ពុជាគោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា «ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន»។ ភាគីថៃ ក៏បានអះអាងថា «ខ្លួនគោរពស្មារតីនៃសេចក្តីប្រកាសរួមនេះដូចគ្នា។ ដូច្នេះ ដំណោះស្រាយដែលស្របតាមច្បាប់អន្តរជាតិនឹងកើតមាននៅពេលខាងមុខ។ សូមជនរួមជាតិយើងទុកចិត្តលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយបញ្ហានេះ»៕











