2026-01-03 11:10
22

ភ្នំពេញ៖ ក្រោយការប្រកាស “បទឈប់បាញ់បន្ទាន់” ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍តាមព្រំដែន កម្ពុជា-ថៃ នៅតែបន្តមានភាពតានតឹង ខណៈភាគីកម្ពុជាសំឡឹងមើលឃើញថា “យោធាថៃកំពុងរំលោភបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរ តាមរយៈការដាក់រាយបន្លាលួស ដាក់ទូរកុងតឺន័រ និងលើកទង់ជាតិ បំពានលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងសកម្មភាពផ្សេងៗទៀត”។

រាល់សកម្មភាពទាំងនេះ ត្រូវបានកម្ពុជាចាត់ទុកថា ជាការឈ្លានពាន និងរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងផ្ទុយនឹងច្បាប់ និងបទដ្ឋានអន្តរជាតិ ដែលគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋនីមួយ។

ជុំវិញការចោទប្រកាន់នេះ កងទ័ពថៃ បានចេញមកបដិសេធ ដោយអះអាងថា តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន គឺជាអធិបតេយ្យភាពថៃ មិនមែនជាការឈ្លានពានទឹកដីកម្ពុជានោះទេ។ កងទ័ពថៃ ក៏បានបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលអះអាងថា “ថៃបានរឹបអូសទឹកដីកម្ពុជានៅតាមព្រំដែន”។

នៅថ្ងៃទី០២ ខែមករា ម្សិលមិញ លោកនាយឧត្តមសេនីយ៍ Winthai Suaree អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានថ្លែងថា មានក្រុមហ៊ុនព័ត៌មានមួយចំនួនបានបកស្រាយខុសស្ថានការណ៍។ លោកបានអះអាងថា តំបន់មួយចំនួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃពីមុន ត្រូវបានកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជាចូលកាន់កាប់ដោយខុសច្បាប់ អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុងបាងកក កាលពីថ្ងៃសុក្រម្សិលមិញ។

លោក Winthai បានបញ្ជាក់ថា៖ «ប្រតិបត្តិការរបស់យោធាថៃ មានគោលបំណងរៀបចំ និងការពារទឹកដីថៃឡើងវិញ មិនមែនជាការឈ្លានពានប្រទេសកម្ពុជាទេ»។ លោកបន្ថែមថា “វិធានការទាំងនេះ គឺជាការការពារខ្លួនសមាមាត្រនឹងការគំរាមកំហែង និងធ្វើឡើងក្នុងក្របខណ្ឌច្បាប់អន្តរជាតិ”។

ទោះជាយ៉ាងណា ភាគីកម្ពុជានៅតែអះអាងថា “បទឈប់បាញ់ មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ការឈ្លានពាននោះទេ ហើយការដាក់របងលួស កុងតឺន័រ និងទង់ជាតិ មិនអាចបង្កើតជាព្រំដែនអន្តរជាតិបានឡើយ ដោយមានតែច្បាប់ និងកិច្ចព្រមព្រៀងផ្លូវការប៉ុណ្ណោះ ដែលអាចកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ”។

ក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា »សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននឹងកំពុងផ្តល់លទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ហើយកម្ពុជាមានជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមខ្លឹមសារនៃសេចក្តីប្រកាសរួមគ្រប់ចំណុចទាំងអស់ ស្របតាមការឯកភាពគ្នារវាងភាគីទាំងពីរ ដោយមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិនោះទេ»។ 

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះសកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការដាក់ទូរកុងទឺន័រ បន្លាលួស ឬដោតទង់ជាតិ គឺជាសកម្មភាពបំពានទៅនឹងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅ»។ លោកសូមបញ្ជាក់សារជាថ្មីថា «កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»។

នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមករា ឆ្នាំ២០២៦ នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការថា ប្រព័ន្ធផ្សព្វផ្សាយជាតិបានផ្សព្វផ្សាយនូវអត្ថបទជាច្រើនកាលពីថ្ងៃម្សិលមិញ ទាក់ទងនឹងសកម្មភាពរបស់យោធាថៃ ក្រោយថ្ងៃបទឈប់បាញ់ ២៧ ធ្នូ ឆ្នាំ២០២៥។ 

លោកបានបន្ថែមថា អត្ថបទជាអក្សរ និងមានវីដេអូ បានផ្តោតលើ «បទឈប់បាញ់មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ការឈ្លានពានទេ, របងលួស ទង់ជាតិ និងកុងតឺន័រ ការរំលោភឈ្លានពានមកលើទឹកដីកម្ពុជារបស់ប្រទេសថៃ, កម្ពុជាត្រូវបានរំលោភបំពាន មុខមាត់ពិតនៃការឈ្លានពានរបស់យោធាថៃ, របង កុងតឺន័រ និងទង់ជាតិមិនអាចបង្កើតជាព្រំដែនបានទេ គឺមានតែច្បាប់ប៉ុណ្ណោះ, ថៃយកលេសសុវត្ថិភាព និងសន្តិសុខជាលេស ដើម្បីបិទបាំងការឈ្លានពានរបស់ខ្លួន និងកម្ពុជានឹងមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនណាដោយការប្រើប្រាស់កម្លាំងឡើយ»។

សូមជម្រាបថា នៅប៉ុន្មានថ្ងៃនេះ យោធាថៃ បានបង្ហោះចែកចាយនូវសកម្មភាពរបស់ខ្លួនដាក់រាយបន្លាលួស ដាក់ទូរកុងតឺន័រ លើកទង់ជាតិថៃ ការជីកលេណដ្ឋាន និងសកម្មភាពផ្សេងៗទៀត នៅលើដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងគឃ្លើនដែលសកម្មភាពនេះ គឺជាការរំលោភលើបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរ ដោយបង្ហាញអំពីសកម្មភាពរឹបអូសយកទឹកដីកម្ពុជានៅតាមព្រំដែនខុសច្បាប់អន្តរជាតិ។ 

តាមរយៈរូបភាព និងវីដេអូទាំងអស់នេះ ជាភស្តុតាងបង្ហាញយ៉ាងច្បាស់ក្រឡែតទៅកាន់ពិភពលោកថា យោធាថៃកំពុងប្រើប្រាស់កម្លាំងគំរាមកំហែង ដើម្បីឈ្លានពានរំលោភយកដែនអធិបតេយ្យរបស់កម្ពុជា ដែលផ្ទុយទៅច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់៕