2026-01-03 15:52
18

ការវាយលុក និងការឈរជើងកាន់កាប់ទឹកដីកម្ពុជា របស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនអាចត្រូវបានមើលឃើញថា ជាអំពើប៉ះទង្គិចតាមបច្ចេកទេសយោធាធម្មតានោះទេ ប៉ុន្តែជាសកម្មភាពនយោបាយ-យោធា ដែលមានការគ្រោងទុកជាមុន និងមានគោលបំណងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែង (fait accompli) តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ការវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើងគ្រប់គ្រងជាក់ស្តែងលើតំបន់ស្ថិតក្នុងទឹកដីកម្ពុជា ចំនួនបួន រួមមាន៖ ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន។ ពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)។ ព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ និងឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។ បង្ហាញយ៉ាងច្បាស់ថា ភាគីថៃមិនត្រឹមតែបំពានលើបូរណភាពទឹកដីរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើកម្លាំងយោធា ដើម្បីប៉ុនប៉ងកំណត់ព្រំដែនថ្មីតាមអំពើហិង្សាដែលផ្ទុយស្រឡះទៅនឹងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺការបន្តសកម្មភាពយោធារបស់ថៃ សូម្បីតែក្រោយពេលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការរារាំងមិនឱ្យជនភៀសសឹកកម្ពុជាវិលត្រឡប់ទៅលំនៅឋានវិញ គឺជាសញ្ញាថា ភាគីថៃកំពុងប្រើយុទ្ធសាស្ត្រ “បង្កស្ថានភាពមិនអាចត្រឡប់ក្រោយបាន” ដើម្បីបង្ខំឱ្យការចរចាព្រំដែននៅពេលក្រោយស្ថិតក្រោមសម្ពាធជាក់ស្តែងលើដី។

តាមទស្សនៈនយោបាយអន្តរជាតិ នេះមិនមែនជាជម្លោះព្រំដែនធម្មតាទេ ប៉ុន្តែជាការប្រឈមមុខរវាងគោលការណ៍ “អធិបតេយ្យភាព និងខ្សែព្រំដែនមិនអាចកែប្រែដោយកម្លាំង” ជាមួយនឹងនយោបាយអំណាច ដែលប៉ុនប៉ងប្រើកម្លាំងយោធា ដើម្បីបង្កើតអត្ថប្រយោជន៍ផ្លូវការនៅពេលក្រោយ។

ជំហររឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតវ៉ាតាមផ្លូវការទូត និងការអះអាងថា “កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ” គឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាកំពុងដើរតាមផ្លូវច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទ ដោយសន្តិវិធី មិនមែនតាមតក្កវិជ្ជានៃ “អ្នកខ្លាំងជាងគេឈ្នះ” នោះឡើយ។

ជាក់ស្តែង បញ្ហានេះ ក៏ជាការសាកល្បងសម្រាប់សហគមន៍អន្តរជាតិផងដែរ ថាតើប្រព័ន្ធច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងត្រូវគោរពយ៉ាងពិតប្រាកដ ឬនឹងត្រូវអនុញ្ញាតឱ្យអំពើឈ្លានពានដោយកម្លាំងក្លាយជារឿងធម្មតាថ្មីមួយនៅតំបន់។

ដោយសារតែហេតុដូច្នេះ ករណីនេះមិនមែនជាបញ្ហាទ្វេភាគីរវាងកម្ពុជា និងថៃ ប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហានយោបាយអន្តរជាតិ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងការរក្សាទុកសន្តិភាព ស្ថិរភាព និងច្បាប់នៅតំបន់អាស៊ានទាំងមូល។

សរុបស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ន មិនមែនជាបញ្ហាយោធាសាមញ្ញទេ ប៉ុន្តែជាបញ្ហាច្បាប់អន្តរជាតិ នយោបាយ និងមនុស្សធម៌ដែលទាក់ទងគ្នាយ៉ាងស្មុគស្មាញ។ ការគោរពបទឈប់បាញ់ និងការវិលត្រឡប់ទៅតុចរចាដោយស្មោះត្រង់ គឺជាមគ្គុទេសក៍តែមួយគត់ ដើម្បីរក្សាសន្តិភាពយូរអង្វែង និងការរស់នៅដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន៕