2026-01-07 14:22
26

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែន កម្ពុជា-ថៃ ជូនប្រធានបេស កកម្មការទូត និងតំណាងអង្គការអន្តរជាតិនានា ដែលមានស្ថានតំណាង ចំនួន ៣៣ និងអ្នកចូលរួមសរុបចំនួន ៥៥ រូប នៅរាជធានីភ្នំពេញ។ 

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអំពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគី កម្ពុជា-ថៃ-ចិន ដែលបានធ្វើឡើងនៅខេត្តយូណាន ប្រទេសចិន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានគោលបំណងជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ 

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដី និងអធិតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងខេត្តចំនួនបួន រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ 

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីថា “កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា និងថៃ”។

 លោកក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយបញ្ហាតាមវិធីសន្តិវិធី ដើម្បីធានាឱ្យតំបន់ព្រំដែន កម្ពុជា-ថៃ មានសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពយូរអង្វែង៕