2026-01-07 14:28
24

ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅយប់ថ្ងៃអង្គារថា ប្រទេសវ៉េណេស៊ុយអេឡា នឹងប្រគល់ប្រេងឆៅ ចំនួនពី ៣០ លាន ដល់ ៥០ លានបារ៉ែល ឱ្យសហរដ្ឋអាមេរិក ដោយប្រេងនោះនឹងត្រូវលក់តាម តម្លៃទីផ្សារ ហើយប្រាក់ចំណូលពីការលក់នឹងស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «ខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាសថា អាជ្ញាធរបណ្ដោះអាសន្ននៅវ៉េណេស៊ុយអេឡា នឹងប្រគល់ប្រេងឆៅដែលមានគុណភាពខ្ពស់ និងស្ថិតក្រោមទណ្ឌកម្ម ចន្លោះពី ៣០ លាន ដល់ ៥០ លានបារ៉ែល ឱ្យសហរដ្ឋអាមេរិក»។

លោកបន្ថែមថា៖ «ប្រេងនេះនឹងត្រូវលក់តាមតម្លៃទីផ្សារ ហើយប្រាក់នោះនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីធានាថា វានឹងត្រូវប្រើប្រាស់ឱ្យមានអត្ថប្រយោជន៍សម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក»។

លោក ត្រាំ បានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright «អនុវត្តផែនការនេះភ្លាមៗ» ហើយប្រេងទាំងនេះ «នឹងត្រូវដឹកជញ្ជូនតាមនាវាផ្ទុកប្រេង ហើយនាំមកដល់កំពង់ផែចុះទំនិញនៅសហរដ្ឋអាមេរិកដោយផ្ទាល់»។

មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាល របស់ លោក ត្រាំ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ CNN ថា ប្រេងនោះត្រូវបានផលិតរួចហើយ និងដាក់ក្នុងបារ៉ែលរួចជាស្រេច។ ភាគច្រើននៃប្រេងនេះកំពុងស្ថិតលើនាវា ហើយនឹងត្រូវបញ្ជូនទៅកាន់ស្ថាប័នកែច្នៃប្រេងនៅតំបន់ឆ្នេរសមុទ្រកាល់ហ្វ៍របស់សហរដ្ឋអាមេរិក។

ទោះបីជាប្រេង ចំនួន ៣០ ដល់ ៥០ លានបារ៉ែល ស្តាប់ទៅដូចជាច្រើន ក៏ដោយ ក៏សហរដ្ឋអាមេរិក បានប្រើប្រាស់ប្រេងលើសពី ២០ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងអំឡុងខែមុនៗនេះ។ 

បរិមាណប្រេងនេះ អាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះបន្តិច ប៉ុន្តែប្រ ហែលជាមិនអាចធ្វើឱ្យតម្លៃសាំងសម្រាប់ប្រជាជនអាមេរិកធ្លាក់ចុះខ្លាំងទេ។ កាលពីឆ្នាំ ២០២២ អតីតប្រធានាធិបតី បៃដិន បានដោះលែងប្រេងប្រមាណ ១៨០ លានបារ៉ែល ពីបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលមានបរិមាណច្រើនជាងនេះប្រហែល ៤ ដល់ ៦ ដង ហើយវាបានធ្វើឱ្យតម្លៃសាំងធ្លាក់ចុះប្រហែល ១៣ សេន ដល់ ៣១ សេនក្នុងមួយហ្គាឡុង ក្នុងរយៈពេលបួនខែប៉ុណ្ណោះ៕