2026-01-15 14:29
19

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃពុធ ទី១៤ ខែមករាថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងផ្អាកដំណើរការនៃការផ្តល់ទិដ្ឋាការដល់ជនអន្តោប្រវេសន៍ សម្រាប់អ្នកដាក់ពាក្យមកពីប្រទេសចំនួន ៧៥ ដែលអាមេរិកចាត់ទុកថាជាផ្នែកមួយ នៃការបង្រ្កាបជនអន្តោប្រវេសន៍កាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន។ 

តាម Reuter អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបន្តថា ចំពោះការសម្រេចផ្អាកដំណើរការផ្តល់ទិដ្ឋាការដល់ជនអន្តោប្រវេសន៍ចំនួន៧៥ប្រទេសនេះ នឹងចូលជាធរមាននៅថ្ងៃទី២១ មករា ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងចំណោម៧៥ ប្រទេសដែលត្រូវផ្អាកនោះមានដូចជា ប្រេស៊ីល, កូឡុំប៊ី, រុស្ស៊ី, អេហ្ស៊ីប, អ៊ីរ៉ង់, កម្ពុជា, ថៃ, មីយ៉ាន់ម៉ា, ឡាវ, នេប៉ាល់, ប៉ាគីស្ថាន រួមនឹងបណ្ដាប្រទេសជាច្រើនផ្សេងទៀត លើកលែងតែវៀតណាមប៉ុណ្ណោះដែលមិនមានឈ្មោះក្នុងបញ្ជីដែលត្រូវបានផ្អាកនេះ។

យោងតាមបណ្ដាញរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា មូលហេតុដែលអាមេរិក សម្រេចដាក់កម្រិតដ៏តឹងរឹងក្នុងការផ្អាកទិដ្ឋាការដល់ប្រទេសខាងលើ ព្រោះប្រទេសមហាអំណាចមួយនេះយល់ថា ជនជាតិដែលមកពីប្រទេសទាំងនេះបានស្វែងរកផលប្រយោជន៍សាធារណៈនៅក្នុងសហរដ្ឋអាមេរិក ច្រើនជាងប្រទេសដទៃទៀតដែលអាមេរិកមិនបានហាមឃាត់។ 

គួរបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការជាង ១00,000 មកហើយចាប់តាំងពីលោក Trump ចូលកាន់តំណែង។ ក្នុងនោះ រដ្ឋបាលអាមេរិកក៏បានអនុម័តគោលនយោបាយតឹងរ៉ឹងលើប្រទេស៧៥ ខាងលើ មិនឲ្យធានាសាច់ញាតិមករស់នៅអាមេរិកបានតទៅទៀតដែរ៕