ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តបញ្ឈប់គម្រោងវាយប្រហារលើអ៊ីរ៉ង់ភ្លាមៗ ដែលការសម្រេចចិត្តដ៏ទាន់ហន់នេះ ធ្វើឡើងក្រោយមានការរាយការណ៍ថា បានធ្វើនៅវិនាទីចុងក្រោយ មុនពេលអនុវត្តការវាយប្រហារ។
ក្រោយប្រកាសគម្រាមយ៉ាងម៉ឺងម៉ាត់ ពីគម្រោងដែលនឹងវាយប្រហារលើទីក្រុងអេតេរ៉ង់ រយៈពេល២៤ម៉ោង ពីប្រធានាធិបតីមានអំណាចរបស់សហរដ្ឋអាមេរិក លោក ត្រាំ ស្រាប់តែប្ដូរចិត្តភ្លាមថា លោកនឹងរំសាយគម្រោងលើការវាយប្រហារនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានរបស់ Reuter លោក Trump បានប្រាប់អ្នកសារព័ត៌មានថា លោកជឿថា ការបង្រ្កាបលើក្រុមបាតុករក្នុងប្រទេសអ៊ីរ៉ង់បានធូរស្រាល ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ មិនបង្ហើបពីព្រភពព័ត៌មានដែលលោកទទួលបាននោះទេ។
យ៉ាងណាវិញ តាមរយៈការស្រង់សម្ដីរបស់ប្រធានាធិបតី ត្រាំ Reuter បានឲ្យដឹងថា ទោះបីជាលោកធ្លាប់បានគម្រាមយ៉ាងចាស់ដៃទៅកាន់របបអ៊ីរ៉ង់យ៉ាងណាក៏ដោយ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះ មិនមានបំណងចង់ឃើញភាពចលាចលដែលកំពុងកើតឡើងក្នុងទីក្រុងអេតេរ៉ង់បែបនេះដែរ។
លើសពីនេះ លោក ត្រាំ បានបដិសេធដោយលើកឡើងថា លោកមិនអំពាវនាវឱ្យមានការបណ្តេញមេដឹកនាំរបស់អ៊ីរ៉ង់ចេញពីប្រទេសនោះទេ។
ចេតនារបស់មេដឹកនាំរបស់អាមេរិក ហាក់ចង់បង្ហើបឲ្យពិភពលោកបានដឹងថា លោកគ្មានបំណងចង់ឲ្យវាសនារបស់ទីក្រុងអេតេរ៉ង់ ដូចទៅនឹងវេណេស៊ុយអេឡានោះទេ ហើយមូលហេតុដែលលោកគម្រាមមេដឹកនាំអ៊ីរ៉ង់កន្លងមក គ្រាន់តែមិនចង់ឲ្យមេដឹកនាំប្រទេសនេះប៉ះពាល់ដល់អាយុជីវិតរបស់ក្រុមបាតុករប៉ុណ្ណោះ។
ពិភពលោកកំពុងសម្លឹងមើលភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែក្រោយភាពស្ទាក់ស្ទើររបស់អាមេរិក ធ្វើឲ្យប្រទេសមួយចំនួនដាក់ការសង្ស័យថាតើរវាងអ៊ីរ៉ង់និងអាមេរិក អ្នកណាជាអ្នកឈ្នះឲ្យប្រាកដក្នុងសង្គ្រាមស្រែកសម្លុតគ្នានេះ?



