2026-01-16 15:38
16

អំឡុងឆ្នាំ២០២៥ ពិភពលោកទាំងមូលបានសម្លឹងឃើញថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្យាយាមចូលខ្លួនសម្របសម្រួលភាពតានតឹងជាមួយបណ្ដាប្រទេសជាច្រើនទាំងក្នុងអាស៊ីអាគ្នេយ៍ និងលោកខាងលិច ជាថ្នូរនឹងការកាត់បន្ថយក្ដីព្រួយបារម្ភរបស់ពិភពលោក។ 

ក្នុងនោះ យើងសង្កេតឃើញថាគិតត្រឹមឆ្នាំ២០២៥ ប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមបញ្ចប់សង្គ្រាមចំនួន៨ ឯណោះ ក្នុងរយៈពេលត្រឹមតែ ៨ខែ។

នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានចំណងជើងថា "ប្រធានាធិបតីនៃសន្តិភាព" បានបង្ហាញថា បន្ទាប់ពីតំណែងប្រធានាធិបតីអាមេរិកបានធ្លាក់ក្នុងដៃ លោក ត្រាំ ជាលើកទី២ មេដឹកនាំដ៏ស្វាហាប់មួយនេះ បានចូលទៅបញ្ចប់ជម្លោះនិងសង្គ្រាមចំនួន៨ឯណោះ ដែលមានដូចជា ជម្លោះរយៈពេលពីរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស, អ៊ីស្រាអែល និងអ៊ីរ៉ង់, ប៉ាគីស្ថាន និងឥណ្ឌា, រវ៉ាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ថៃ និងកម្ពុជា, អាមេនី និងអាស៊ែបៃហ្សង់, អេហ្ស៊ីប និងអេត្យូពី ចុងក្រោយស៊ែប៊ី និងកូសូវ៉ូ។

ទោះយ៉ាងណា ថ្មីៗនេះត្បិតតែភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កំពុងកើនឡើងជាថ្មីយ៉ាងណាក៏ដោយ តែយោងតាមការផ្ដល់បទសម្ភាសន៍របស់ លោក ត្រាំ ទៅកាន់ភ្នាក់ងារសារព័ត៌មាន Reuter លោកបានបញ្ជាក់ មូលហេតុដែលអាមេរិកសម្លុតគ្រោងវាយប្រហារលើអ៊ីរ៉ង់ នៅក្រោមហេតុផលដែលថា លោកចង់ការពារអាយុជីវិតបាតុករដែលធ្វើបាតុកម្មទូទាំងអ៊ីរ៉ង់ ព្រោះតែបញ្ហានៃការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសនេះ។ 

យ៉ាងណាមិញ រឿងដែលធ្វើឲ្យពិភពលោកសម្ដែងការភ្ញាក់ផ្អើលនោះ ត្រឹមដើមឆ្នាំ២០២៦នេះប៉ុណ្ណោះ ស្រាប់តែមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ចាប់ផ្ដើមបើកប្រតិបត្តិការសម្រុកវាយប្រហារទាំងកម្រោលលើវេណេស៊ុយអេឡា និងចាប់ខ្លួនមេដឹកនាំរបស់ប្រទេសនេះបានដោយប្រើត្រឹមតែរយៈពេល៣ម៉ោងប៉ុណ្ណោះ យកមកកាត់ក្ដីនៅសហរដ្ឋអាមរិកយ៉ាងរន្ទឺ។

ការណ៍នេះ បានធ្វើឲ្យប្រជាជនវេណេស៊ុយអេឡាទាំងអស់នាំគ្នាអបអរសាទរក្រៃលែងដោយពួកគេអះអាងថា មេដឹកនាំអាមេរិកបានជួយស្រោចស្រង់ប្រទេសរបស់ពួកគេ។ ក្នុងនោះ មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោកស្រី Maria Corina Machadog ក៏បានសម្រេចប្រគល់មេដាយណូបែលសន្តិភាព ជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំនៅសេតវិមានផងដែរ។

តាមរយៈតថភាពជាក់ស្ដែងដែលប្រទេសជាច្រើនដាក់ការសម្លឹងលើអាមេរិក ធ្វើឲ្យពួកគេគិតថា អាមេរិកកំពុងព្យាយាមបន្ថយកម្ដៅ និងហានិភ័យដែលអាចបង្ករមហន្តរាយដល់មនុស្សជាតិ។ 

ប៉ុន្តែភ្លើងដែលអាមេរិកមិនទាន់អាចពន្លត់បាននោះ គឺសង្គ្រាមដែលមិនទាន់អាចបញ្ចប់រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលមានរយៈពេលជិត៤ឆ្នាំមកហើយ។ លើសពីនេះសូម្បីតែ លោក ត្រាំ ខ្លួនឯងក៏បានទទួលស្គាល់ដែលថា លោកមិនទាន់អាចកាត់បន្ថយភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រេនបាននៅឡើយទេ។ 

ក្នុងនោះ លោក ត្រាំ បន្តទទួលស្គាល់ថា សូម្បីបទឈប់បាញ់នៅហ្គាហ្សាក៏មានភាពផុយស្រួយនៅឡើយ។ លោក ត្រាំ បានលើកឡើយដោយប្រាប់ Reuter ថាក្រុមហាម៉ាសនៅតែមិនដកអាវុធ ដែលជាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា។ លោកបន្តថា កិច្ចព្រមព្រៀងរវាងអ៊ុយក្រែននិងរុស្ស៊ី រួមនឹងក្រុមហាម៉ាស់នៅហ្គាហ្សា បានស្ថិតក្នុងភាពជាប់ស្ទះមួយ ដែលត្រូវការពេលដោះស្រាយវា៕