2026-01-20 11:56
24

ថៃ៖ នៅម៉ោងប្រហែល ១១ ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានអគ្គិភ័យមួយបានផ្ទុះឆាបឆេះ នៅតំបន់ដែលដងស្ទូចធំមួយបានដួលរលំលើផ្លូវរាមាទី២ ស្ថិតក្នុងខេត្តសាមុតសាខន ប្រទេសថៃ បង្កឲ្យមានការភ័យស្លន់ស្លោ និងការរអាក់រអួលចរាចរណ៍យ៉ាងខ្លាំង។

តាមព័ត៌មានដំបូងឲ្យដឹងថា ភ្លើងបានឆាបឆេះនៅកន្លែងកំពុងធ្វើការជួសជុល និងសម្អាតសំណល់ដងស្ទូច ដែលបានដួលរលំកាលពីមុន ហើយភ្លើងបានរាលដាលយ៉ាងឆាប់រហ័ស ដោយមានផ្សែងខ្មៅហុយឡើងខ្ពស់ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋនៅតំបន់ជិតខាង។

ក្រុមពន្លត់អគ្គិភ័យ និងអាជ្ញាធរមូលដ្ឋាន បានចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់មិនឲ្យភ្លើងរាលដាលបន្តទៅតំបន់ផ្សេងទៀត។ ការពន្លត់ត្រូវបានធ្វើឡើងយ៉ាងញាប់ដៃញាប់ជើង ក្នុងស្ថានភាពពិបាកខ្លាំង ដោយសារតំបន់មានសំណល់ដែក និងឧបករណ៍សំណង់ជាច្រើន។

មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ផ្លូវការអំពីអ្នករងរបួស ឬអ្នកស្លាប់នៅឡើយទេ ខណៈអាជ្ញាធរថៃកំពុងបន្តពិនិត្យមូលហេតុពិតប្រាកដនៃការកើតអគ្គិភ័យ និងវាយតម្លៃការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ។

អាជ្ញាធរបានអំពាវនាវដល់អ្នកធ្វើដំណើរ ជៀសវាងប្រើប្រាស់ផ្លូវរាមាទី២ នៅតំបន់កើតហេតុជាបណ្តោះអាសន្ន និងគោរពតាមសេចក្តីណែនាំរបស់កម្លាំងសន្តិសុខ និងចរាចរណ៍ ដើម្បីធានាសុវត្ថិភាព និងការងារពន្លត់អគ្គិភ័យប្រព្រឹត្តទៅដោយរលូន៕