2026-02-07 10:57
17

កោះកុង៖ នាព្រឹកព្រលឹមថ្ងៃសៅររ៍ នៅវេលាម៉ោងប្រមាណ ជាង ០៦ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានសេចក្តីរាយការណ៍ជួរមុខទិសថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថា «ភាគីថៃបានយក ទូកុងតឺន័រ មកដាក់បិទច្រកផ្លូវ ៥៦ និង ផ្លូវចេញ-ចូលទៅកាន់ខេត្តកោះកុង»។ 

ការណ៍នេះភាគីថៃ បានធ្វើមួយថ្ងៃក្រោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅភូមិជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃម្សិលមិញ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការដាក់ទូរកុងតឺន័របិទផ្លូវក្នុងទឹកដីខ្មែរ ពីសំណាក់យោធាឈ្លានពានថៃនេះ នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុផ្លូវការពីភាគីពាក់ព័ន្ធនៅឡើយ។

សកម្មភាពឈ្លានពានរបស់យោធាថៃ ជាម្តងហើយម្តងទៀត ដោយឥតឈប់ឈរ មកលើអធិបតេយ្យភាពរបស់កម្ពុជានេះ គឺកំពុងរំលោភបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងសន្ធិសញ្ញាពាក់ព័ន្ធផ្សេងៗទៀត ដែលភាគីទាំងពីរបានឯកភាពគ្នា។

យ៉ាងណាមិញ ចំពោះសកម្មភាពផ្សេងៗនៅតាមគោលដៅជិតខាង មានសភាព ស្ងប់ស្ងាត់ និងដំណើរការធម្មតា។ កម្លាំងនៅមុខជួរនៅតែបន្ត តាមដានស្ថានការណ៍ និងសកម្មភាពរបស់ភាគីថៃជាប្រចាំ ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់។ មកទល់ពេលនេះ មិនទាន់មានសេចក្តីជូនដំណឹងផ្លូវការពីអាជ្ញាធរពាក់ព័ន្ធអំពីវិធានការបន្ថែម ឬការផ្លាស់ប្តូរស្ថានភាពនៅតំបន់នោះទេ។

គួររំឭកថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត៕