2026-02-07 11:05
16

បាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះកន្លែងស្តុកទុក ទុយយោ របស់ក្រុមហ៊ុនទឹកកខ្វក់មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាង និងធ្វើឲ្យសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង ១៥ និង ០០ នាទី ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅក្នុង ភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

តាមព័ត៌មានបឋមពីកន្លែងកើតហេតុ អគ្គិភ័យបានឆេះលើសម្ភារៈទុយយោដែលស្តុកទុកក្នុងទីតាំងខាងលើ បង្កឲ្យមានផ្សែងខ្មៅឡើងខ្លាំងមើលឃើញពីចម្ងាយ។ ក្រោយទទួលដំណឹង កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចេញទៅដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលទៅកាន់ទីតាំងជិតខាង។

មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យ និងទំហំនៃការខូចខាតទ្រព្យសម្បត្តិឡើយ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងវាយតម្លៃស្ថានភាពនៅទីកន្លែងកើតហេតុ។

អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅជិតខាងប្រុងប្រយ័ត្ន និងជៀសវាងចូលទៅជិតតំបន់កើតហេតុ ខណៈប្រតិបត្តិការពន្លត់ភ្លើងកំពុងបន្ត៕