2026-02-07 12:34
14

ព្រះសីហនុ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើបុរសជនជាតិចិន ដែលបើកបរក្រោមស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល 0,68mg/L ពីបទ៖ «ប្រឆាំងនឹងអ្នករាជការសារធារណៈមានស្ថានទម្ងន់ទោស» និងស្ត្រីខ្មែរត្រូវជាប្រពន្ធ ពីបទ៖ «ញុះញង់ឱ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការសារធារណៈមានស្ថានទម្ងន់ទោស»។

អ្នកនាំពាក្យបានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៤៣ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទាក់ទិននឹងករណី ញុះញង់ឱ្យមានការរើសអើង និងប្រឆាំងនឹងអ្នករាជការ សារធារណៈមានស្ថានទម្ងន់ទោស មានជនត្រូវចោទ៖ 

១- ឈ្មោះ ឆឹង យ៉ាណាន់ (CHANG YANAN) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន ពីបទ៖ «ប្រឆាំងនឹងអ្នករាជការសារធារណៈមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុច ផ្លូវ២៨មិថុនា (ផ្លូវដើមលម៉ី) ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ឆ្លងចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ៥០៤ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

២- ឈ្មោះ នេត ស្រីពៅ ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ «ញុះញង់ឱ្យមានការរើសអើង និង ប្រឆាំងនឹងអ្នករាជការសារធារណៈមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុច ផ្លូវ២៨មិថុនា (ផ្លូវដើមលម៉ី) ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ឆ្លងចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើស ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៦ និងមាត្រា ៥០៤ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅអនុវត្តច្បាប់ និងត្រួតពិនិត្យជាតិស្រវឹង។ ក្នុងនោះ មានរថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយ CHANG YANAN ត្រូវបានឃាត់ពិនិត្យ ហើយរកឃើញកម្រិតជាតិអាល់កុល 0.68 mg/L។

ក្រោយពិនិត្យឃើញមានជាតិស្រវឹងខ្ពស់ហួលកម្រិតសមត្ថកិច្ចបានឲ្យជនជាតិចិនរង់ចាំរហូតស្វាងស្រវឹង មុនអនុញ្ញាតឲ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ ព្រមទាំងពិន័យអន្តរការណ៍ ចំនួន ២ រៀលលាម និងដក ៦ ពិន្ទុ លើបណ្ណបើកបរ។

បន្ទាប់មក ស្ត្រីជនជាតិខ្មែរ ០២នាក់ បានមកដល់គោលដៅនោះ ហើយក្នុងនោះ នេត ស្រីពៅ បានថតវីដេអូ ស្រែកឡូឡា និងជេរប្រមាថសមត្ថកិច្ច ព្រមទាំងទាមទារឲ្យទទួលប្រាក់ពិន័យនៅនឹងកន្លែង និងចេញវិក័យបត្រ។ ក្រោយមកវីដេអូនេះត្រូវបានបង្ហោះលើបណ្តាញសង្គម បង្កឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាល។

បន្ទាប់ពីសួរយកចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ បានសម្រេច ឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទទាំងពីរ ដើម្បីបន្តនីតិវិធីតាមច្បាប់៕