2026-02-07 15:12
7

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីបំភ្លឺផ្លូវការ ថា បុគ្គលឈ្មោះ ឆាលី ទ្យូ ហៃ អាង (Charlie Tiu Hay Ang) ដែលគេស្គាល់ថា អាតុងអាង «Atong Ang» ជាមហាសេដ្ឋីល្បែងស៊ីសង និងជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋជាច្រើនករណី មិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា «បុគ្គលនេះកំពុងត្រូវប៉ូលីសហ្វីលីពីន ស្វែងរកចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណី»។ 

ទោះជាយ៉ាងណា យោងតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មិនមានទិន្នន័យអំពីការចូល ឬចេញរបស់ Charlie Tiu Hay Ang តាមច្រកព្រំដែនអន្តរជាតិណាមួយរបស់កម្ពុជាឡើយ។

សេចក្តីបំភ្លឺនេះ ត្រូវបានធ្វើឡើង ដើម្បីច្រានចោលព័ត៌មានមួយចំនួនដែលបានផ្សាយថា បុគ្គលនេះប្រហែលជាកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈដែលប៉ូលីសហ្វីលីពីន កំពុងពង្រាយកម្លាំងស្វែងរកចាប់ខ្លួន។

គួររំលឹកថា លោក Charlie Tiu Hay Ang ហៅ «Atong Ang» គឺជាមហាសេដ្ឋីល្បែងស៊ីសងដ៏មានឥទ្ធិពលម្នាក់នៅហ្វីលីពីន។ ក្នុងអតីតកាល លោកធ្លាប់ជាជនជាប់ចោទរួមនៅក្នុងសវនាការចោទប្រកាន់ប្រធានាធិបតី ចូសេហ្វ អេស្ត្រាដា (Joseph Estrada) ហើយត្រូវបានចេញដីកាចាប់ខ្លួននៅខែមេសា ឆ្នាំ២០០១៕