2026-02-13 14:05
19

កប៉ាល់នេសាទរបស់ចិនមួយគ្រឿងត្រូវបានជប៉ុនរឹបអូសភ្លាមៗ ដោយទីក្រុងតូក្យូចោទប្រកាន់ថា កប៉ាល់នេះមិនគោរពតាមបញ្ជារបស់អាជ្ញាធរ ខណៈកំពុងប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

តាមទីភ្នាក់ងារជលផលជប៉ុនបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ទីក្រុងតូក្យូបានប្រកាសពីអានុភាពរបស់ខ្លួនក្នុងការរឹបអូសនាវានេសាទចិន ដោយនិយាយថា ប្រធានក្រុមនៃកប៉ាល់នេះត្រូវបានបញ្ជាឱ្យឈប់ភ្លាមៗ ដើម្បីត្រួតពិនិត្យដោយអធិការកិច្ចជលផលប៉ុន្តែបែរជាមិនធ្វើតាមហើយរត់គេចទៅវិញ ជាហេតុធ្វើឲ្យខ្លួនត្រូវរឹបអូសវាជាបន្ទាន់។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នៅឯឆ្នេរសមុទ្រនៃខេត្ត Nagasaki ចម្ងាយប្រហែល 165 គីឡូម៉ែត្រពីភាគនិរតីនៃកោះ Meshima ។ 

នេះជាលើកទីមួយហើយ ដែលជប៉ុនបានប្រកាសចាប់កប៉ាល់នេសាទចិនចាប់តាំងពីឆ្នាំ ២០២២ មក។ ហើយនេះក៏មិនមែនជាចំណុចផ្ដើមដែលធ្វើឲ្យចិន និងជប៉ុន ចាប់តឹងសរសៃរកដាក់គ្នាដែរ។ ពោលប្រទេសទាំងពីរនេះ មានជម្លោះពាក្យសម្ដីនឹងគ្នាក្រោយនាយករដ្ឋមន្រ្តីជប៉ុន ព្រមានចាត់វិធានការយោធាលើទីក្រុងប៉េកាំងមិនលើកលែង ប្រសិនតៃវ៉ាន់ត្រូវបានវាយប្រហារដោយប្រទេសនេះ។ 

មិនមែនជាលើកទី១ ដែលប្រើពាក្យសម្ដីជំនួសឲ្យអាវុធ ក្នុងខែធ្នូ ឆ្នាំ 2025កន្លងទៅ យន្តហោះចម្បាំង J-15 ដែលបាញ់ចេញពីនាវាផ្ទុកយន្តហោះចិន Liaoning បានឆ្ពោះលើរ៉ាដារបស់យន្តហោះចម្បាំង F-15 របស់ជប៉ុនពីរដងរួចមកហើយ នៅក្នុងដែនទឹកអន្តរជាតិក្បែរកោះអូគីណាវ៉ា។ នេះបើតាម VN Express។ 

បន្ថែមពីនោះ ប្រទេសចិនក៏បានរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរបស់ខ្លួនទៅកាន់ជប៉ុន នូវទំនិញដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា រួមទាំងបានបញ្ឈប់ការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនថែមទៀតផង។ នេះសបញ្ជាក់ឲ្យឃើញថា ទីក្រុងប៉េកាំង និងទីក្រុងតូក្យូតែងតែមានជម្លោះទឹកដីជាច្រើនដងជាមួយគ្នាមិនឈប់ឈរនោះទេ៕

អត្ថបទដោយ៖ ម៉េង ធីដា