2026-03-16 12:08
16

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៥ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយបន្ទន់ឥរិយាបថទៅកាន់អឺរ៉ុបទាំងមិនគួរឲ្យជឿថា លោកចង់ឲ្យប្រទេសនៅអឺរ៉ុបជួយដោះស្រាយស្ថានការណ៍នៅច្រកសមុទ្រ Hormuz ដូចអាមេរិកធ្លាប់បានចូលរួមគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ីដែរ។ 

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានសម្តែងក្តីសង្ឃឹមថា ប្រទេសចិននឹងជួយដោះស្រាយការកកស្ទះនៅច្រកសមុទ្រ Hormuz ដូចគ្នា មុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅចុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតី Xi Jinping ។ 

លោក ត្រាំ និយាយថា "ខ្ញុំគិតថាចិនក៏គួរតែជួយដែរ ព្រោះ 90% នៃប្រេងដែលគេប្រើគឺមកពីច្រកសមុទ្រនេះ។ ប្រសិនបើយើងរង់ចាំរហូតដល់កិច្ចប្រជុំកំពូល វាយឺតពេលហើយ។" ប្រធានាធិបតីអាមេរិកបន្ថែមថា ការធ្វើដំណើរទៅកាន់ប្រទេសចិនប្រហែលជាត្រូវពន្យារពេល ប៉ុន្តែមិនបានបញ្ជាក់ពីរយៈពេលណាមួយឲ្យលម្អិតនោះទេ។

ន័យនេះបញ្ជាក់ថា ទោះអាមេរិកជាមហាអំណាចពិភពលោកក្ដី ប៉ុន្តែមហាអំណាចមួយនេះមិនអាចឈរឯការតែឯងបានទេ រាល់បញ្ហាសកលប្រសិនគ្មានប្រទេសផ្សេងទៀតជួយសហការទេ នោះអាមេរិកម្នាក់ឯងក៏មិនអាចទ្រទ្រង់រួចបានដែរ។ 

លោក ត្រាំ ទំនងជាកំពុងប្រើនុយជ្រលជាមួយចិន ដើម្បីចុចចំណុចរសើបទីក្រុងប៉េកាំងមិនឲ្យពួនសង្ងំស្ងៀមទៀតជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងបង្ករទៅជាវិបត្តិសកល។ 

ប្រធានាធិបតីអាមេរិកហាក់ចង់វាលក្បាលអង្អែលខ្នងចិនថា ប្រសិនប្រទេសនេះមិនជួយដោះស្រាយការកកស្ទះនៅច្រកសមុទ្រ Hormuz ទេ នោះកិច្ចប្រជុំសំខាន់ៗដែលលោកត្រៀមនឹងទៅទីក្រុងប៉េកាំងនឹងពន្យាពេល ហើយពេលនោះអ្នកណាជាអ្នកខាតបង់ពិតប្រាកដ។

លោក Trump បន្តថា បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក ចិន និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើន គឺពឹងផ្អែកខ្លាំងលើប្រេងពីតំបន់ឈូងសមុទ្រច្រើនជាង។ ប្រធានាធិបតីខាងលើបានប្រកាសពីគោលបំណងរបស់ខ្លួនច្បាស់ៗថា ខណៈសម្ពាធកំពុងកើនឡើងនេះគាត់ត្រូវការនាវាបោសសម្អាតមីន ដែលតម្រូវការនេះមានតែអឺរ៉ុបប៉ុណ្ណោះដែលមានសមត្ថភាពបើធៀបនឹងអាមេរិក។

យ៉ាងណា ជុំវិញការបន្ទន់ឥរិយាបថភ្លាមៗពីសហរដ្ឋអាមេរិក ណាតូ និងចិនមិនទាន់ឆ្លើយតបលើការលើកឡើងរបស់ប្រធានាធិបតីអាមេរិកនៅឡើយ។

គួរឲ្យដឹងថា កាលពីថ្ងៃទី14 ខែមីនា កន្លងទៅ សេតវិមានក៏បានជំរុញឱ្យប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ជួយបញ្ជូននាវាចម្បាំងដើម្បីទៅដឹកនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ ប៉ុន្តែប្រទេសជាច្រើនហាក់មានការឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។ 

ក្នុងនោះ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះក៏បានប្រាប់កាសែត Wall Street Journal នៅថ្ងៃទី 15 ខែមីនា ដែរថា លោក Trump នឹងប្រកាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខ អំពីការបង្កើតក្រុមចម្រុះអន្តរជាតិដើម្បីអមដំណើរកប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ។ 

តែវានៅមិនទាន់ច្បាស់ទេថា តើនាវាចម្បាំងរបស់ប្រទេសណាខ្លះនឹងចូលរួមជាផ្នែកនៃក្រុមចម្រុះនេះ?