2026-03-31 10:45
25

កំពត៖ ឧត្តសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថា រថយន្តដែលបើកបរបំពានច្បាប់ចរាចរណ៍ និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នឹងត្រូវយកមកដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក។

លោកស្នងការបានបន្ថែមថា បន្ទាប់ពីយានយន្ត និងអ្នកបើកបរត្រូវបាននាំមកដល់ស្នងការដ្ឋាន នគរបាលនឹងអនុវត្តវិធានការធ្វើតេស្តរកសារធាតុញៀនជាមុនសិន មុនពេលចាត់វិធានការតាមច្បាប់បន្តទៀត។

វិធានការនេះ មានគោលបំណងបង្កើនសុវត្ថិភាពចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ និងទប់ស្កាត់អំពើបើកបរដោយមិនគោរពច្បាប់ ដែលអាចប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

សូមរំឭកថា តាមរយៈឃ្លីបវីដេអូមួយត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គម «Pisith Jennie» បានសរសេរចំណងជើងថា «ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ០៣និង៣០ នាទីរសៀល អ្នកបើកបរយានយន្ត ភ្នំពេញ 3G-1506 ត្រូវទទួលខុសត្រូវតាមច្បាប់ ដោយភ្ជាប់ទៅនឹងផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកំពត»។ ក្នុងឃ្លីបវីដេអូដែលថតដោយកាម៉ារ៉ាសុវត្ថិភាពបំពាល់ក្នុងរថយន្ត បង្ហាញថា រថយន្តកុងតឺន័រមួយគ្រឿង បានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់សំដៅរថយន្តមករថយន្តអ្នកដំណើរមួយគ្រួសារដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នាគេចធ្លាក់ផ្លូវគ្រោះថ្នាក់បំផុត។

ក្រោយមានការបង្ហោះករណីនេះភ្លាម លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពង បានបញ្ជាក់លើបណ្តាញសង្គមថា «ក្នុងករណីឡាននេះស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតយើងខ្ញុំនិងធ្វើការឃាត់រថយន្តនោះ​មកធ្វើការនៅការិយាល័យចរាចរណ៏ផ្លូវគោក»។ លុះមិនបានប៉ុន្មានម៉ោងផងរថយន្តដែលបើកបរបំពានច្បាប់ចរាចរណ៏ និងប្រមាថអាយុជីវិតអ្នកបើកបរដ៏ទៃទៀត ត្រូវបាននាំយកមកធ្វើការនៅការិយាល័យចរាចរណ៏ផ្លូវគោក នៅពេលមកដល់ស្នងការដ្ឋាននឹងធ្វើតេស្តរកសារធាតុញៀនមុនគេ»

ជុំវិញករណីអាជ្ញាធរបានអំពាវនាវឱ្យអ្នកបើកបរទាំងអស់ គោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្ន ដើម្បី​រក្សាសុវត្ថិភាពសម្រាប់ខ្លួនឯង និងសង្គមទាំងមូល៕