ភ្នំពេញ ៖ ចាំមើលក្រុមឈ្មួញ និងមន្រ្តីខិលខូច ហ៊ានទៀតរឺអត់ ? នៅពេលដែល សម្ដេច ហ៊ុន ម៉ាណែត ចេញបទបញ្ជា និងព្រមានដកដំណែងមន្រ្តីរូបណា ដែលប្រហើនផ្កើននិងបទបញ្ជា ហ៊ានបំពានបំរាម នូវបន្តលួចលាក់ឃុបឃិតគ្នាជាមួយឈ្មួញលួចនាំប្រេងពីប្រទេសថៃចូលកម្ពុជាដោយខុសច្បាប់ និងត្រូវស្រាវជា្រវឲ្យដល់ឫសគល់ឲ្យបានច្បាស់ចំពោះភាគីពាក់ព័ន្ធទាំងអស់ដោយគ្មានការលើកលែងឡើយ បើរកឃើញថា ក្រុមហ៊ុនប្រេងណាមួយមានការជាប់ពាក់ព័ន្ធ ត្រូវដកអាជ្ញាប័ណ្ណចោលមិនឲ្យបន្តអាជីវកម្មទៀតឡើយ។
នៅព្រឹកថ្ងៃទី០៣ ខែមេសា ២០២៦នេះ សម្ដេច ហ៊ុន ម៉ាណែត បានង្ហោះសារនៅលើបណ្ដាញ Facebook ថា ៖ ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធ នឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា លោកបានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។
ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។
សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។
ការព្រមាននេះជាការឆ្លើយតបនិងព័ត៌មានដែលរស៊ើបក្នុងស្រុងថៃ ដែលថាកម្ពុជាមិនធអាចខ្វះទំនិញរបស់ថៃពិសេសប្រេងឥនន្ទៈពីប្រទេសថៃ ខណៈពិភពលោកជួបវិបត្តិជាសកល នៃតម្លៃ និងការផ្គត់ផ្គង់ថាមពល សំរាប់ប្រើប្រាស់ ៕
អត្ថបទដោយ៖ ឈួន ណាគ្រី




