នេះទើបសមជាមហាអំណាចទី១លើពិភពលោកមែន! ខណៈមិនមាននាវាចម្បាំងប្រទេសដទៃហ៊ានឆ្លងកាត់ច្រកហ័រមូសផង ស្រាប់តែអាមេរិកចេញមុខអះអាងថា កំពុងបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកនេះ ដើម្បីជួយត្រួសត្រាយផ្លូវក្នុងការធ្វើប្រតិបត្តិការបោសសម្អាតមីន ស្របគ្នាដែលអ៊ីរ៉ង់ដាក់ការព្រមានធ្ងន់ៗថា បើហ៊ាន កងកម្លាំងពួកគេនឹងមិនឲ្យកម្លាំងអាមេរិករួចជីវិតទេ។
តាមទីបញ្ជាការកណ្តាល (CENTCOM) ដែលជាទីភ្នាក់ងារទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាបានប្រកាសនៅថ្ងៃទី11 ខែមេសាថា ខ្លួនបានចាប់ផ្តើមដំណើរការ "សម្របសម្រួលការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz" ដោយមានវត្តមាននាវាពិឃាតពីរគ្រឿងចូលរួមក្នុងប្រតិបត្តិការនោះ។
USS Frank E. Peterson និង USS Michael Murphy នាវាចម្បាំងពីរគ្រឿងនេះកំពុងចេញដំណើរទៅកាន់ច្រកសមុទ្រ Hormuz ហើយប្រតិបត្តិការនៅឈូងសមុទ្រអារ៉ាប់ ជាផ្នែកមួយនៃភារកិច្ចដើម្បីធានាថា ផ្លូវនាវាចរនេះគ្មានមីនក្រោមសមុទ្រទៀតទេ។
ទីបញ្ជាការកណ្ដាលអាមេរិកបន្តថា ក្នុងដំណើរការបោសសម្អាតនេះ អាចនឹងមានកម្លាំងបន្ថែម រួមទាំងនាវាមុជទឹកគ្មានមនុស្សបើក ចូលរួមនៅថ្ងៃខាងមុខ។
ឧត្តមនាវីឯក លោក Brad Cooper មេបញ្ជាការ CENTCOM បានបង្ហើបដំណឹងល្អថា កងទ័ពអាមេរិកកំពុងចាប់ផ្តើមបង្កើត “ផ្លូវទឹកថ្មី” ហើយនឹងចែករំលែកផ្លូវសុវត្ថិភាពនេះជាមួយវិស័យដឹកជញ្ជូនតាមសមុទ្រ ដើម្បីលើកទឹកចិត្តការជួញដូរដោយសេរី។
ព័ត៌មាននេះត្រូវបានចេញផ្សាយបន្ទាប់ពី លោក Donald Trump បានប្រកាសថា កងទ័ពជើងទឹកអាមេរិកកំពុង "សម្អាត" ច្រកសមុទ្រ Hormuz ព្រោះនាវាដាក់គ្រាប់មីនរបស់អ៊ីរ៉ង់ទាំងអស់ត្រូវបានលិចហើយ ក្រោមស្នាដៃកម្ទេចពីយោធាអាមេរិក។
ជាការឆ្លើយតបបន្ទាន់ វរសេនីយ៍ឯក Ebrahim Zolfaghari អ្នកនាំពាក្យយោធាអ៊ីរ៉ង់ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លាទៅកាន់ លោក ត្រាំ ថា ទីក្រុងតេអេរ៉ង់ "បដិសេធយ៉ាងមុតមាំ" នូវរបាយការណ៍ពាក់ព័ន្ធនឹងនាវាចម្បាំងអាមេរិក ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។
លោក Zolfaghari បាននិយាយទាំងមិនពេញចិត្តថា "កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅតែមានសិទ្ធិក្នុងការសម្រេចចិត្តថា តើនាវាណាដែលត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់តំបន់ទាំងនោះ។"
កងនាវាចរនៃឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក៏បានធ្វើការព្រមានជាបន្តបន្ទាប់បន្ថែមថា នាវាយោធាណាមួយដែលប៉ុនប៉ងចង់ឆ្លងកាត់ច្រកសមុទ្រ Hormuz នាវានោះនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
គួរឲ្យដឹងថា ភ្លាមៗបន្ទាប់ពីអាមេរិក-អ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី 28 ខែកុម្ភៈ ទីក្រុងតេអេរ៉ង់បានដាក់ពង្រាយទូកល្បឿនលឿនជាច្រើនគ្រឿងដើម្បីដាក់គ្រាប់មីននៅច្រកសមុទ្រ Hormuz ។
មីន រួមជាមួយការគម្រាមកំហែងពីយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើន បានកាត់បន្ថយចំនួននាវាដឹកទំនិញដែលឆ្លងកាត់ផ្លូវដឹកជញ្ជូននេះមកនៅកម្រិតទាបបំផុត ដែលជំរុញឱ្យតម្លៃថាមពលកើនឡើង និងផ្តល់ឱ្យអ៊ីរ៉ង់នូវឥទ្ធិពលដ៏អស្ចារ្យបំផុតនៅក្នុងជម្លោះ។
បច្ចុប្បន្ន ការបើកផ្លូវសមុទ្រនេះឡើងវិញគឺជាប្រធានបទសំខាន់មួយ នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលថ្មីៗនេះរវាងភាគីអាមេរិក និងអ៊ីរ៉ង់៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា




