អ៊ីស្រាអែលបញ្ជាក់ច្បាស់ៗថា នឹងមិនចូលរួមពិភាក្សាពីលទ្ធភាពនៃបទឈប់បាញ់ជាមួយក្រុម Hezbollah ដាច់ខាត អំឡុងពេលជួបជាមួយគណៈប្រតិភូលីបង់នៅសហរដ្ឋអាមេរិក។
តាមឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក លោក Yechiel Leiter បានអះអាងយ៉ាងម៉ឺងម៉ាត់នៅថ្ងៃទី10 ខែមេសាថា ទីក្រុង តេ អាវីវ (Tel Aviv) "បានយល់ព្រមចាប់ផ្តើមការចរចាសន្តិភាព" ជាមួយរដ្ឋាភិបាលលីបង់ហើយ។
ដោយកិច្ចពិភាក្សាទាំងនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមេសាខាងមុខ ក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនោះដែរ លោក Yechiel Leiter ក៏បានប្រកាសចំហរបន្តថា ទោះព្រមចរចាជាមួយលីបង់ក៏ដោយ តែអ៊ីស្រាអែលបដិសេធមិនពិភាក្សាពីបទឈប់បាញ់ជាមួយក្រុមហេសបូឡាដាច់ខាត។
ព្រោះក្រុមនេះនៅតែបន្តវាយប្រហារប្រទេសខ្លួនដែលនេះជាហេតុផលធំបំផុតក្នុងការេរាំងដល់សន្តិភាពរវាងប្រទេសទាំងពីរ។
យោងតាមសារព័ត៌មាន AFP បានឲ្យដឹងថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុម Hezbollah ទេ នោះក្នុងការចរចារអ៊ីស្រាអែលនឹងទាមទារឲ្យរដ្ឋាភិបាលលីបង់ ចាត់វិធានការលើក្រុមហេសបូឡាស ជំនួសខ្លួនវិញ។
គួរបញ្ជាក់ឲ្យដឹងថា កាលដែលអ៊ីស្រាអែលព្រមអង្គុយតុចរចាជាមួយលីបង់ ព្រោះតែលោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រទេស កាត់បន្ថយភាពតានតឹងជាមួយគ្នា ដើម្បីជាគន្លឹះធានាឲ្យការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១១ ខែមេសា ទទួលបានជោគជ័យ។
ទោះបីជាយ៉ាងនេះក្ដី ក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ នាយករដ្ឋមន្ត្រី Benjamin Netanyahu មិនបានបង្ហាញគោលចំហរណាមួយជាក់លាក់ទេថា អ៊ីស្រាអែលនឹងកាត់បន្ថយការវាយប្រហារលើលីបង់ បើទោះបីជាប្រទេសនេះបានប្រកាសថាខ្លួនកំពុងបន្តការចរចាដោយផ្ទាល់រវាងភាគីទាំងពីរក៏ដោយ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា

_1775890252.jpg)



