យន្តហោះឈ្លបយកការណ៍ MQ-4C របស់កងទ័ពជើងទឹកអាមេរិក បានបញ្ជូនសញ្ញាអាសន្ន ដោយបាត់បង់ការតភ្ជាប់ បន្ទាប់មកក៏បាត់ខ្លួនត្រឹមមួយប៉ព្រិចភ្នែកនៅលើឈូងសមុទ្រពែក្ស។
យោងាតាមទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 នៅថ្ងៃទី១០ មេសានេះបង្ហាញថា យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ MQ-4C Triton របស់កងទ័ពជើងទឹកអាមេរិក ដែលមានប្រភពមកពីមូលដ្ឋានទ័ពអាកាស Sigonella ក្នុងប្រទេសអ៊ីតាលី បានហោះពីលើឈូងសមុទ្រពែក្ស និងជុំវិញច្រកសមុទ្រ Hormuz ហើយបន្ទាប់មកវាក៏បានហោះត្រលប់ទៅចំណុចដើមវិញ។
ដើម្បីរកផ្លូវទៅទ្រនំវិញ MQ-4C ត្រូវហោះឆ្លងកាត់ដែនអាកាសអារ៉ាប៊ីសាអូឌីត ស្រាប់តែភ្លាមៗ យានគ្មានមនុស្សបើកនេះ បានបង្ហាញលេខកូដ "7400" ដែលជាសញ្ញាបង្ហាញថាវាបានបាត់បង់ការតភ្ជាប់ជាមួយស្ថានីយ៍បញ្ជាពីចម្ងាយ។
បន្ទាប់មក MQ-4C ក៏បានប្ដូរទិសហោះទៅកាន់ប្រទេសអ៊ីរ៉ង់ហើយ និងបន្ថយកម្ពស់ពី 15,850 ម៉ែត្រ ចុះមកត្រឹម 2,900 ម៉ែត្រវិញ។
មិនប៉ុន្មាននាទីផង យន្តហោះនេះស្រាប់តែបង្ហាញកូដ "7700" transponder ដែលលេខនេះប្រើសម្រាប់សង្គ្រោះបន្ទាន់នៅលើអាកាស មិនយូរប៉ុន្មានសញ្ញាទីតាំងរបស់វាក៏បានបាត់ទាំងស្រុងនៅលើឈូងសមុទ្រពែរ្ស ក្បែរឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់។
ហេតុការណ៍នេះបានធ្វើឲ្យនិពន្ធនាយកផ្នែកយោធាអាកាសចរណ៍ Flavioist Stefano D'Urso ជឿជាក់ថា MQ-4C បានធ្លាក់ចូលទៅក្នុងសមុទ្រ ប៉ុន្តែមិនដឹងថាវាទាក់ទងនឹងអ៊ីរ៉ង់ឬអត់ទេ ព្រោះល្បឿនបាត់ខ្លួនរបស់វាលឿនពេក ដូច្នេះគេពិតជាពិបាកក្នុងការសន្និដ្ឋានណាស់។ យ៉ាងណាក៏ដោយ ឧបទ្ទវហេតុខាងលើទាំងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ មិនទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។
MQ-4C Triton គឺជាយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកអាមេរិក ដែលត្រូវបានបង្កើតឡើងពី RQ-4 Global Hawk របស់ទ័ពអាកាស។
ប្រព័ន្ធ Triton មានតួនាទីស៊ើបការណ៍សម្ងាត់, ឈ្លបយកការណ៍ និងប្រមូលទិន្នន័យឃ្លាំមើលដោយផ្ដល់ពេលវេលាជាក់លាក់នៅលើមហាសមុទ្រ តំបន់ជិតឆ្នេរសមុទ្រ ព្រមទាំងចូលរួមក្នុងការល្បាតដែនសមុទ្រ ការស្វែងរក ជួយសង្គ្រោះ និងគាំទ្រយន្តហោះឈ្លបយកការណ៍ P-8A Poseidon ថែមទៀតផង។
យន្តហោះនេះមានប្រវែង ១៤,៥ ម៉ែត្រ ស្លាបប្រវែង ៤០ ម៉ែត្រ និងទម្ងន់ ៦,៧ តោន។ MQ-4C អាចដំណើរការបន្តបានរយៈពេល 30 ម៉ោង ដែលមានចម្ងាយប្រតិបត្តិការ 15.200 គីឡូម៉ែត្រ កម្ពស់អតិបរមា 18 គីឡូម៉ែត្រ និងល្បឿនអតិបរមារបស់វា 575 គីឡូម៉ែត្រក្នុងមួយម៉ោង។ រឹតតែពិសេសនោះ ឧបករណ៍ចាប់សញ្ញាសំខាន់របស់ MQ-4C Triton គឺជារ៉ាដារ AN/ZPY-3 ប្រភេទ AESA (Active Electronically Scanned Array) ដែលអាចស្កេនមើលតំបន់ធំៗប្រហែល 5,200 គីឡូម៉ែត្រការ៉េ ក្នុងពេលតែមួយ នៅកម្ពស់ប្រហែល 17 គីឡូម៉ែត្រ។
មានន័យថា វាជាប្រភេទយន្តហោះស៊ើបការណ៍ដែលមាន “ភ្នែកឆ្លាត” ណាស់ ពិសេសនៅពេលហោះក្នុងកម្ពស់ទាប វាអាចប្រើប្រព័ន្ធកាមេរ៉ាអុបទិក និងអ៊ីនហ្វ្រារ៉េដ (MTS-B) ដូចជាម៉ូដែល MQ-9 Reaper ដែលមានឧបករណ៍ឡាស៊ែរសម្រាប់កំណត់គោលដៅ និងវាស់ចម្ងាយ។ម៉ាស៊ីនហោះនេះក៏មានប្រព័ន្ធអេឡិចត្រូនិក (ESM) ដែលអាចចាប់ និងវិភាគសញ្ញារ៉ាដារពីចម្ងាយរបស់សត្រូវដូចជា នាវា ឬយន្តហោះ ដោយមិនចាំបាច់ទៅជិតទីតាំងរបស់សត្រូវផ្ទាល់ទេ។
យន្តហោះ MQ-4C នីមួយៗមានតម្លៃពី 180-230 លានដុល្លារ អាស្រ័យលើក្រុមហ៊ុនផលិត។
តាមគេហទំព័រ Inside Defense គម្រោង Triton ទាំងមូលបានចំណាយថវិកាប្រហែល 13 ពាន់លានដុល្លារ។ បើគិតរួមទាំងថ្លៃស្រាវជ្រាវ និងអភិវឌ្ឍន៍ តម្លៃពិតនៃម៉ាស៊ីនហោះមួយគ្រឿងអាចហក់ឡើងដល់ជាង 600 លានដុល្លារ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធិដា




