2026-04-10 14:06
6

ទីបំផុត FBI បានតាមប្រមាញ់ និងចាប់ខ្លួនបុគ្គលដែលផ្តល់ព័ត៌មានពាក់ព័ន្ធយន្តហោះចម្បាំង F-15E ត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់បានហើយ។

នាយក FBI របស់អាមេរិក លោក Kash Patel បាននិយាយនៅថ្ងៃទី8 ខែមេសាថា ជនសង្ស័យដែលបានទម្លាយព័ត៌មាន ទៅកាន់សារព័ត៌មានគឺជាអតីតបុគ្គលិកនៃបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក (SOCOM) ដែលគាំទ្រកងកម្លាំងប្រយុទ្ធកម្រិតខ្ពស់បំផុតរបស់យោធា។ 

ទោះជាយ៉ាងនេះក្ដី បង្ហើបអត្តសញ្ញាណតែបន្តិចប៉ុណ្ណោះ នាយក FBI ខាងលើមិនបានបញ្ចេញព័ត៌មានរបស់ជនសង្ស័យនោះលម្អិតទៀតទេ។

សូមរំឭកឡើងវិញថា យន្តហោះចម្បាំងពហុមុខងាររបស់អាមេរិក F-15E ត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់កាលពីថ្ងៃទី3 ខែមេសា ប៉ុន្តែក្រសួងការពារជាតិអាមេរិកព្យាយាមលាក់ព័ត៌មាននេះដោយមិនបញ្ចេញប្រតិកម្មអ្វីទាំងអស់។ ទោះលាក់ជិតយ៉ាងណាក៏ដោយ ប៉ុន្តែកាសែត New York Times និងសារព័ត៌មានជាច្រើនផ្សេងទៀតបាននាំគ្នាសម្រុកដកស្រង់ប្រភពពី "មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់" ដែលបានធ្វើការរាយការណ៍អំពីឧបទ្ទវហេតុនេះ ដោយបញ្ជាក់ថា អ្នកបើកយន្តហោះម្នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែម្នាក់ទៀតបានបាត់ខ្លួននៅក្នុងទឹកដីអ៊ីរ៉ង់។

ភ្លាមៗក្រោយបែកធ្លាយព័ត៌មាននេះ ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី៦ ខែមេសា លោក Trump កើតចិត្តខឹងសម្បារខ្លាំង និងបានដាក់បញ្ជាឲ្យរដ្ឋាភិបាលស្វែងរកយ៉ាងតឹងរ៉ឹង ចំពោះជនសង្ស័យដែលហ៊ានបញ្ចេញព័ត៌មានដ៏សំខាន់នេះ។ 

លោក Trump ព្រមានថា ការលេចធ្លាយព្រឹត្តិការណ៍នេះអាចធ្វើឱ្យអ្នកបើកយន្តហោះ និងកងកម្លាំងជួយសង្គ្រោះស្ថិតក្នុងគ្រោះថ្នាក់បាន។ 

លោក Trump សង្កត់ធ្ងន់ថា “នៅពេលដែលព័ត៌មានត្រូវបានបែកធ្លាយ អ៊ីរ៉ង់នឹងបានដឹងថាមានអ្នកបើកយន្តហោះអាមេរិកនៅកន្លែងណាមួយក្នុងទឹកដីរបស់ពួកគេ។ ហើយពេលនោះ អ៊ីរ៉ង់នឹងប្រកាសផ្តល់រង្វាន់ដ៏ធំសម្រាប់ការចាប់អ្នកបើកយន្តហោះដែលបានធ្លាក់ផងដែរ។

គួរឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះ F-15 គឺជាប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដ៏ប្រថុយប្រថាន និងចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រយោធាសហរដ្ឋអាមេរិក ដោយត្រូវដាក់ពង្រាយទាហានរាប់រយនាក់ កងកម្លាំងពិសេស និងយន្តហោះរាប់សិបគ្រឿងដើម្បីតែជួយអ្នកបើកយន្តហោះដែលបាត់ខ្លួនម្នាក់ប៉ុណ្ណោះ៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា