វ៉ាស៊ីនតោន៖ ហេតុតែមានការខកចិត្តម្ដងជាពីរដងចំពោះសម្ព័ន្ធមិត្តណាតូ ក្នុងការចេញមុខជួយធានាសុវត្ថិភាពនៅច្រកសមុទ្រ ហ័រមូស រួមទាំងបរាជ័យក្នុងការទិញយក Greenland នោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏មានគម្រោងចង់ដកទាហានអាមេរិកចេញពីអឺរ៉ុបតែម្ដង។
តាមការរាយការណ៍ពីសារព័ត៌មាន Reuter នៅថ្ងៃទី០៩ មេសា បានឲ្យដឹងថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយណាតូ កំពុងមានភាពរកាំរកូសជាខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លើសពីនេះ គេក៏កត់សម្គាល់ឃើញថា ក្នុងដំណើរទស្សនកិច្ចទៅកាន់សេតវិមានកាលពីថ្ងៃពុធ ដោយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏មិនទទួលបានផ្លែផ្កាអ្វីដែរជាមួយ លោក ត្រាំ ដែលនេះទំនងជាទំនាក់ទំនងរវាងសម្ព័ន្ធទាំងពីរ កំពុងស្ថិតក្នុងចំណុចទាបបំផុតរបស់ពួកគេហើយ ចាប់តាំងពីការបង្កើតអង្គការណាតូក្នុងឆ្នាំ 1949 មក។
រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះ សេតវិមានបានចេញមកប្រកាសជាសាធារណៈថា លោកTrump បានពិចារណាដកខ្លួនចេញពីសម្ព័ន្ធភាពណាតូទាំងស្រុងហើយ។ ក្នុងនោះក៏មានការដកកងទ័ពចេញពីអឺរ៉ុបផងដែរ។
នេះមានន័យថា អាមេរិកកំពុងកាត់បន្ថយការប្ដេជ្ញារបស់ខ្លួនក្នុងការជួយរក្សាសន្តិសុខ និងការពារសម្ព័ន្ធមិត្តរបស់ខ្លួនទៀតហើយ។
គួរជម្រាបឲ្យដឹងថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានកងទ័ពច្រើនជាង 80,000 នាក់នៅក្នុងទ្វីបអឺរ៉ុប ដែលកងទ័ពទាំងនោះមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធសន្តិសុខរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
មិនតែប៉ុណ្ណោះ ទាហានជាង 30,000 នាក់ កំពុងស្ថិតនៅប្រទេសអាឡឺម៉ង់ រួមជាមួយនឹងចំនួនទាហានដ៏ច្រើនដែលមិនធម្មតាក៏កំពុងឈរជើងនៅប្រទេសអ៊ីតាលី ចក្រភពអង់គ្លេស និងអេស្ប៉ាញផងដែរ។
សំណួរសួរថា ប្រសិនជាអាមេរិកសម្រេចចិត្តដកទ័ពចេញពីអឺរ៉ុបប្រាកដមែន តើប្រទេសណាខ្លះនឹងរងផលប៉ះពាល់ខ្លាំង?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





