2026-04-12 12:35
16

តាមការដកស្រង់របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកបង្ហាញថា បច្ចុប្បន្នអ៊ីរ៉ង់នៅតែមានមីស៊ីលផ្លោងរាប់ពាន់គ្រាប់ ទោះបីជាមន្ទីរបញ្ចកោណអះអាងថា កម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ត្រូវបាន "បំផ្លាញ" ហើយក៏ដោយ។

ចេញមុខប្រកាសនៅសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បាននិយាយថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានអាមេរិកបាញ់បំផ្លាញមុខងារបណ្ដាលឲ្យខូចខាត និងស្ទើរតែគ្មានប្រសិទ្ធភាពទាំងស្រុងទៅហើយ។ 

ប៉ុន្តែកាមកាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃទី10 ខែមេសា ដោយដកស្រង់របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកថា អ៊ីរ៉ង់នៅតែអាចស្តារកម្លាំងមីស៊ីលរបស់ខ្លួនបានមួយផ្នែកមកវិញ បើទោះបីជាមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អាមេរិក និងអ៊ីស្រាអែលក្នុងរយៈពេលមួយខែកន្លងមកក៏ដោយ។ 

ចំណែក WSJ ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ក៏បានលើកឡើងដែរថា ទោះបីជាជាងពាក់កណ្តាលនៃកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ ខូចខាត ឬជាប់នៅក្នុងលេណដ្ឋានក្រោមដីដែលដួលរលំសង្កត់ពីលើពួកវាក៏ដោយ តែទីក្រុងតេអេរ៉ង់នៅតែអាចជួសជុល ឬជីកយកវាមកប្រើប្រាស់បន្តបានដដែល។ 

តាមមន្ត្រីអ៊ីស្រាអែលក៏បានបញ្ជាក់ដែរថា អ៊ីរ៉ង់នៅតែមានច្រើនជាង 1,000 គ្រាប់នៃមីស៊ីលរយៈចម្ងាយមធ្យម 2,500 ដែលវាត្រូវបានគេប៉ាន់ស្មានថាអាចប្រើបាននៅពេលការប្រយុទ្ធគ្នាបានផ្ទុះឡើង។

យោងលើប្រភពពី WSJ មន្ត្រីអ៊ីស្រាអែលបន្តថា បច្ចុប្បន្នអ៊ីរ៉ង់មិនអាចផលិតមីស៊ីលបន្ថែមទៀតបានទេ លុះត្រាតែប្រទេសនេះមានការជួយជ្រោមេជ្រែងពីភាគីទីបី។

យ៉ាងណាក៏ដោយ ទោះអាមេរិក និងអ៊ីរ៉ង់បានឈានដល់បទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលសម្របសម្រួលដោយប៉ាគីស្ថាន ដើម្បីចរចាគ្នា ប៉ុន្តែមន្ត្រីអាមេរិកខ្លះបារម្ភថា អ៊ីរ៉ង់អាចនឹងប្រើបទឈប់បាញ់នេះ ដើម្បីកសាងផ្នែកនៃឃ្លាំងអាវុធមីស៊ីលរបស់ខ្លួនដែលបានកម្ទេចយកមកប្រើឡើងវិញ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា