2026-04-29 19:55
8

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចាត់វិធានការអនុវត្តវិន័យទណ្ឌកម្មលើមន្ត្រីនគរបាលម្នាក់ គឺលោកវរសេនីយ៍ឯក ខៀវ សុខច័ន្ទសុធា ដែលបម្រើការងារនៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ដោយសម្រេចបន្ថយស័ក្តិពីស័ក្តិប្រាំ មកត្រឹមស័ក្តិ៤កន្លះ ពោល គឺមកត្រឹម «ថ្នាក់វរសេនីយ៍ទោ» បន្ទាប់ពីករណីបង្ហាញឥរិយាបថជក់បារីអេឡិចត្រូនិក បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជនយ៉ាងខ្លាំង។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៩ ខែមេសានេះ។

អ្ន​កនាំពាក្យរងបានបន្ថែមថា ជាមួយគ្នានេះផងដែរ មន្ត្រីនគរបាលរូបនេះ ត្រូវកោះហៅឱ្យចូលខ្លួន ដើម្បីឆ្លើយបំភ្លឺដោយទទួលស្កាល់នូវកំហុសរបស់ខ្លួនផងដែរ និងបានតម្រូវឱ្យធ្វើតេស្តស្វែងរកសារធាតុញៀនផងដែរ ប៉ុន្តែលទ្ធផលបង្ហាញថា «មិនមានសារធាតុញៀន» នៅក្នុងខ្លួនឡើយ។ ក្រោយពីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ និងលទ្ធតេស្តរកពុំឃើញមានសារធាតុញៀន អង្គភាពសាម៉ីបានធ្វើរបាយសំយោគដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច។

លោក ទូច សុខៈ បានបញ្ជាក់ថា «ជាគោលការណ៍បឋម គឺលោកអភិសន្តិបណ្ឌិត ស សុខា សម្រេចតាមសំណើររបស់អង្គភាពសាម៉ី គឺត្រូវបន្ថយឋានន្តរស័ក្តិ១ស័ក្តិ ពី «វសេនីយ៍​ឯក» មកត្រឹម «វសេនីយ៍​ទោ» ដែលជាបទវិន័យកម្រិត២​ ដែលត្រូវអនុវត្តលើមន្ត្រីនគរបាលរូបនេះ។

អ្នកនាំពាក្យរងបានបញ្ជាក់ថា «មួយជំហានទៀត គឺអគ្គនាយកដ្ឋានធនធានមនុស្ស កំពុងរៀបចំសំណុំឯកសារបញ្ជូនទៅសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពិនិត្យ និងសម្រចចុងក្រោយ»

សូមជម្រាបថា ហេតុការណ៍ដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ជិតភោជនីយដ្ឋាន «ឫស្សីស្រស់» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយការប្រើប្រាស់ អាកប្បកិរិយា និងសម្តីសំឡុតគំរាមគេឯង និងការជក់បារីអេឡិចត្រូនិកនៅកន្លែងកើតហេតុ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាដាច់ខាតហាមឃាត់ដាច់ខាត ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក និងស៊ីស្សា។ ក្នុងនោះ សម្តេចបានណែនាំដល់គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ អនុវត្តវិធានការទណ្ឌកម្មយ៉ាងតឹងរឹងចំពោះមន្ត្រីណាដែលល្មើសផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គ្រប់ស្ថាប័នត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕