2026-04-29 16:20
28

ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែមេសានេះ លោក នុត សាវនា ប្រធានពន្ធនាគារព្រៃស បានចូលរួមសំណេះសំណាលលើកទឹកចិត្ត និងអបអរសារទដល់ជនជាប់ឃុំ ចំនួន ១៤នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ ដោយទទួលបានពិន្ទុខ្ពស់ ពីកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៉ិនធឺណិត (BEEP) «កម្រិតថ្នាក់ឌីប្លូម» ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការគាំទ្រពីនាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា នៃអគ្គនាយកដ្ឋានពន្ធនាគារ នាយកដ្ឋានបរិវត្តន៍កម្មឌីជីថល-ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជា អង្គការស៊ីប៉ា និងអង្គការយូណេស្កូ។

បន្ថែមលើការអបអរដោយក្តីសោមនស្សជូនអ្នកដែលប្រឡងជាប់ដោយជោគជ័យ ប្រធានពន្ធនាគារព្រៃស បានផ្ដាំផ្ញើដល់ជនជាប់ឃុំទាំង ១៤រូប ត្រូវខិតខំបន្តរៀនសូត្រទាំងចំណេះទូទៅ ទាំងលើមុខជំនាញវិជ្ជាជីវៈដទៃទៀតដែលខ្លួនមាននិស្ស័យជាមួយ ដើម្បីអនាគតភ្លឺស្វាង និងប្រែខ្លួនជាពលរដ្ឋល្អ មានវិន័យក្នុងខ្លួន ដើម្បីជាធនធានដែលមានប្រយោជន៍សម្រាប់សង្គម។

ទោះបីអង្គការស៊ីប៉ាបានសម្រេចផ្អាកការផ្តល់ជំនួយឧបត្ថម្ភដល់កម្មវិធី BEEP នេះនៅកម្ពុជា ដោយសារកង្វះមូលនិធិក្តី មណ្ឌលនឹងប្តេជ្ញាបន្តកម្មវិធីប៊ីបនេះដោយពុំចាំបាច់ពឹងផ្អែកលើថវិកាជំនួយរបស់អង្គការស៊ីប៉ាទៀតទេ ព្រមទាំងពង្រីកសកម្មភាពរៀនតាមប្រព័ន្ធអ៊ីនធឺណែតនេះជូនជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ឲ្យកាន់តែទូលំទូលាយជាងមុនទៅទៀត។ នេះបើតាមការបញ្ជាក់ របស់លោក នុត សាវនា។

នាឱកាសនោះ ជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង លោកក៏បានឧបត្ថម្ភជូនទណ្ឌិតទាំង១៤នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០០,០០០រៀល ផងដែរ៕